ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់ នៅខេត្តសៀមរាប មានកើតជំងឺអុតស្វា ខណៈស្ដ្រីរូបនេះ មានរោគសញ្ញាចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា)

យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ កក្កដា នេះ ថា «សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាប មានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំង អស់ឲ្យបានជ្រាបថា មន្ទីរពេទ្យខេត្តសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញា ចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២»។

ក្រសួង បានបន្ដថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូ ពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅសាកសួរពិនិត្យ ស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២. ដើម្បីយកទៅ ពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសអុតស្វានៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២។

ក្រសួង បន្ថែមថា បច្ចុប្បន្ននេះ គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យ តាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុម គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ