រាជរដ្ឋាភិបាល ផ្អាកប្រារព្ធពិធីបុណ្យអុំទូកសម្រាប់ថ្នាក់ជាតិ តែតាមបណ្ដាខេត្ត អាចប្រព្រឹត្តិទៅបាន តាមលទ្ធភាពជាក់ស្ដែង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្អាកការប្រារព្ធព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទី និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ ប៉ុន្តែសម្រាប់បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តិទៅបានតាមលទ្ធភាពជាក់ស្ដែង ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា «រាជរដ្ឋាភិបាលសម្រេច ផ្អាកការប្រារព្ធព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទី និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។
សេចក្ដីប្រកាសដដែលក៏បានឱ្យដឹងផងដែរថា ចំពោះការរៀបចំពិធីបុណ្យអុំទូកកម្សាន្តសប្បាយ របស់ប្រជាជននៅតាមបណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តិទៅបានតាមលទ្ធភាពជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ចិកា ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូល ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕