មកស្វែងយល់ អំពីអត្ថន័យនៃប្រទីប និង និមិត្តសញ្ញារបស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ មុននឹងឈានទៅដល់ការស្វែងយល់អំពីការកសាង និងរចនាបទនៃនិមិត្តសញ្ញារបស់ប្រទីបក្រសួងមហាផ្ទៃ ជាដំបូងក្រុមការងារសូម លើកបង្ហាញអំពីដំណើរដើមទង នៃពិធីដែលនាំមកនូវការបណ្តែតប្រទីបនេះឡើង ជាមុនសិន ។
ការបណ្តែតប្រទីបជារៀងរាល់ឆ្នាំ តែធ្វើឡើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលរៀបចំឡើងរយៈ ៣ថ្ងៃ គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ។
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នេះ នាពេលរាត្រីក៏មានការបណ្តែតប្រទីប បង្ហាញជូនដល់ប្រជាពលរដ្ឋ និងមហាជន ប្រុសស្រីបានទស្សនាកម្សាន្ត ។ ពាក្យប្រទីបនេះបានក្លាយមកពីពាក្យបាលី« ប៉ាក់ទីប» មានន័យថាចង្កៀងតូចៗ ដែលឥតកែវលំផូងការរៀបចំប្រទីបសម្រាប់ ពលរដ្ឋខ្មែរតែងប្រើដើមចេកមកធ្វើជា ក្បូនតុបតែងផ្កា ភ្លើងទៀន ធូបយកទៅបណ្តែតក្នុងទន្លេរ ស្ទឹងបឹងនៅតាមភូមិរបស់ខ្លួន ដើម្បីបួងសួរសុំសេចក្តីសុខសប្បាយ ក្នុងនោះក៏ដើម្បីបួងសួងដល់ព្រះគង្គាជាទេពធីតានៃព្រហ្មញ្ញសាសនា-ហិណ្ឌូសាសនា ដោយការបណ្តែតប្រទីបតូចៗ ជាប្រទីបរបស់ពលរដ្ឋទូទៅហើយ ការបណ្តែតប្រទីបធំៗជាប្រទីបរបស់ហ្លួងព្រះមហាក្សត្រ ។
ក្នុងចំណោមប្រទីបរបស់ស្ថាប័នជាតិទាំង៣០ ដែលចូលរួមនោះក៏មានប្រទីបរបស់ក្រសួងមហាផ្ទៃ ដែលបានរៀបចំឡើង យ៉ាងល្អប្រណិត បញ្ជាក់ពីឧត្តមភាពរបស់ក្រសួង។ ប្រទីបក្រសួងមហាផ្ទៃបានកសាងនិងរចនាឡើង តាមនិមិត្តសញ្ញារបស់ក្រសួងមហាផ្ទៃ រំលេចដោយពន្លឺភ្លើងចម្រុះពណ៌ និង មានទម្រដោយចង្វាយនៃក្បាច់ភ្ញីអង្គរល្អឥតខ្ចោះ។
សម្រាប់រូបតំណាងក្រសួងមហាផ្ទៃ មានរូបព្រះនរាយណ៍ ជាព្រះនាមនៃព្រះវិស្ណុ ដែលបានបែងភាគជាមនុស្ស អង្គុយលើ បល្ល័ង្គ មានព្រះហស្តបួន ព្រះហស្តស្ដាំខាងលើកាន់ ខ្យងស័ង្ខ ខាងក្រោមកាន់សៀវភៅ ព្រះហស្ត ឆ្វេងខាងលើកាន់កងចក្រ និងខាងក្រោមកាន់ ព្រះខ័ន។ ព្រះនរាយណ៍ តំណាងឱ្យសភាវៈ ល្អ មានតួនាទីរក្សាការពារមនុស្សលោកទាំងមូល ពន្លឺកាំរស្មីលើកំពូលម្កុដ តំណាងឱ្យ គំនិតប្រាជ្ញា ស្មារតី បញ្ញាញាណរបស់អង្គ ។ កងចក្រព្រះខ័ន តំណាងឱ្យសិទ្ធិអំណាចតួនាទីរបស់ក្រសួងមហាផ្ទៃ សៀវភៅ តំណាងឱ្យ ច្បាប់ លិខិតបទដ្ឋានដែលក្រសួងមហាផ្ទៃ ត្រូវតែអនុវត្តតាមដោយស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាពក្នុងពេលបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនខ្យងស័ងតំណាងឱ្យភាពត្រជាក់ត្រជុំសេចក្តីសុខក្សេមក្សាន្ត សិរីសួស្ដី និងសុភមង្គល។
សម្រាប់ក្បាច់ភ្ញីភ្លើងតំណាងឱ្យភាព អង់អាច ក្លាហានរបស់អង្គក្រសួងមហាផ្ទៃ បល័្លង្គ តំណាងឱ្យរដ្ឋបាលដែនដីគ្រប់ថ្នាក់ និងនគរបាលជាតិ រូបនាគមានក្បាលប្រាំ ជាសេនារបស់ព្រះនរាយណ៍ និងជាសត្វដែលមានមហិទ្ធិឬទ្ធិ ខ្លាំងពូកែអស្ចារ្យការពារធាតុទាំងបួន(ទឹក ដី ភ្លើង ខ្យល់) នាគទាំងពីរ ព័ន្ធគ្នាបង្ហាញពីការសាមគ្គីឯកភាពជាតិ និងភាពសុខដុមរមនីយកម្ម ដែលឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ របស់ជនជាតិខ្មែរ ដែលធ្លាប់មានតាំងពីបុរាណកាល។
តាមខ្លឹមសារនេះ ប្រទីបរបស់ក្រសួងមហាផ្ទៃ បង្ហាញថា ក្រសួងមហាផ្ទៃ បាននឹងកំពុងបំពេញមុខងារ និងភារកិច្ចដោយគំនិតប្រាជ្ញាស្មារតី បញ្ញាញាណរបស់ខ្លួន ក្នុងដែនសមត្ថកិច្ច និងសិទ្ធិអំណាចដែលច្បាប់ និងលិខិតបទដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងភាពអង់អាចក្លាហានទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ភាពត្រជាក់ត្រជុំ សេចក្តីសុខក្សេមក្សាន្ត សុភមង្គល សម្បូរសប្បាយ ថ្គុំថ្កើនរុងរឿង ដល់ប្រជាពលរដ្ឋ និងមាតុភូមិជាទីស្នេហា។
ក្រសួងមហាផ្ទៃ ជាស្ថាប័នមានបេសកកម្ម ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិ លើវិស័យសន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕