ខេត្តកោះកុង៖ប្រភេទសត្វព្រៃកម្រៗចំនួន ២០ ប្រភេទ ត្រូវបានរកឃើញមានវត្តមា​ននៅក្នុងតំ​បន់​ដែនជ​ម្រកសត្វព្រៃ ក្នុងខេត្តកោះកុង ដែលក្នុងនោះរួមមានសត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។

ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការ ពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិ​ត​ខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែល​ធ្វើកា​រងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។

នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាមួ​​យការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹង​ប្រែង​ការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរ​បស់ប្រ​ទេ​សកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់​ដឹងរបស់សា​ធារណៈ​ជន។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបាន​​ក្រុមការ​ងារនៃ​​គម្រោ​ង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជា មួយនាយកដ្ឋា​នអភិ​រក្ស​តំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃ​មន្ទីរបរិស្ថា​នខេត្ត​កោះកុង​សិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិ​នៅក្នុងដែន​ជម្រកស​ត្វព្រៃខេ​ត្តកោះ​កុងចំ​នួន ៣៤ ទីតាំងដោយប្រើរយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី៨ ខែ សីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២​​០២២។

 ក្រុមការងារបានចុះប្រមូលទិន្នន័យពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជាលទ្ធផល រកឃើញពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ និងប្រភេទសត្វមានដោយបង្គួរនៅក្នុងប្រទេសកម្ពុជា និងប្រភេទជិតផុតពូជខ្លាំង ប្រភេទជិតគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទងាយរងគ្រោះ ប្រភេទ​មាន​ការព្រួយបារម្ភតិចតូច ក្នុងបញ្ជីក្រហម IUCN ចំនួន ២០ ប្រភេទ និងប្រភេទថនិកសត្វ និងសត្វស្លា​បផ្សេ​ងៗជាច្រើនទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ