ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើអូស្ត្រាលីពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍គ្រាប់ពូជកសិកម្មល្អៗ ហើយអាចធននឹងការបម្រែបម្រួលអាកាសធាតុ ដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមទីផ្សារក្រៅប្រទេស។

នាឱកាសអនុញ្ញាតឲ្យលោក Andrew Campbell នាយកប្រតិបត្តិ នៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា «កម្ពុជា មានផលិតផលកសិកម្មដែលមានសក្កានុពលជាច្រើន ដែលផលិតកម្មកសិកម្មមួយចំនួន បានផលិតច្រើនលើសតម្រូវការ ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាពិសេសប្រទេសជិតខាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលិតផលកសិកម្មមួយចំនួនទៀត ដែលមានសក្តានុពល បែជាពុំអាចផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ដែលតម្រូវឱ្យនាំចូលពីបរទេសបន្ថែម»។

លោក បន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦.២លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ លោក ថា ទោះជាយ៉ាងនេះក្តី ប៉ុន្តែក៏នូវមានកង្វះខាតនៃផលិតផលមួយចំនួន ជាពិសេសបន្លែ និងជ្រូកសាច់ ត្រីនៅតែមានតម្រូវការនាំចូលក្នុងកម្រិតតិចតួច។ 

ដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេសនោះ លោករដ្ឋមន្ដ្រី បានស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រាលីលើចំនុចមួយចំនួន ដូចជា៖ ទី១-ស្នើពង្រឹងការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ មានតម្រូវការខ្ពស់ ហើយដែលអាចធននឹងការបម្រែបម្រួលអាកាសធាតុ និងពង្រឹង និងកសាងធនធានមនុស្ស បន្តទៀត ,ទី២-គាំទ្រឱ្យមានកិច្ចសហការលើការវិនិយោគពីវិស័យឯកជន ឱ្យបានកាន់តែច្រើនលើខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មជាពិសេសលើកែឆ្នៃផលិតផលកសិកម្ម ,ទី៣- គាំទ្រគម្រោងអភិវឌ្ឍន៍លើចង្វាក់តម្លៃលើវិស័យកសិកម្ម។

ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាពនៃការគាំទ្រលើកិច្ចសហការទាំងនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ