ក្រុមមន្ត្រីប៉ូលិសថៃ ចាប់ខ្លួនជនជាតិចិន និងថៃ ពាក់ព័ន្ធករណីឆបោកលុយរាប់ពាន់លានបាត ដែលបានប្រើឈ្មោះក្រុមហ៊ុនគ្រឿងអលង្ការ
ថៃ៖ ប៉ូលិសប្រទេសថៃ បានចាប់ខ្លួនក្រុមឧក្រិដ្ឋជនដឹកនាំដោយជនជាតិចិន ដែលបានប្រើឈ្មោះក្រុមហ៊ុនគ្រឿងអលង្ការដ៏គួរទាក់ទាញមួយ ដើម្បីអូសទាញមនុស្សឱ្យចូលទៅក្នុងគម្រោងវិនិយោគមាសក្លែងក្លាយរាប់ពាន់លានបាត ខណៈប៉ូលិសរបស់ប្រទេសជាប់របងកម្ពុជាមួយនេះ បានរឹបអូសគណនីរូបិយបណ្ណឌីជីថល Bitkub សរុបចំនួន ២៨លានបាត និងសៀវភៅធនាគារចំនួន២៣ក្បាល រួមជាមួយនឹងទូរសព្ទដៃ២១គ្រឿង, ស៊ីមកាត១៩, លុយ១០ម៉ឺនបាត និងកុំព្យូទ័រ៨គ្រឿង។
ប្រធានការិយាល័យស៊ើបអង្កេតកណ្តាល ឧត្តមសេនីយ៍ទោ ជីរ៉ាប៉ូប ប៊ូរីឌិច កាលពីថ្ងៃអង្គារ ទី៣១តុលា បាននិយាយថា ការវាយឆ្មក់លើទីតាំងចំនួន២១ ក្នុងរាជធានីបាងកក, ខេត្តជលបុរី, និងខេត្តឈៀងម៉ៃ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប៉ូលិសចាប់ខ្លួនជនសង្ស័យចំនួន២៦នាក់ ក្នុងនោះ៦នាក់ ជាជនជាតិចិន ខណៈករណីនេះមានជនសង្ស័យចំនួន៥០នាក់។
លោកប៊ូរីឌិច បន្តថា ក្រុមឆបោកបានធ្វើការជាប្រព័ន្ធ ដោយបែងចែកទំនួលខុសត្រូវ ក្នុងការទិញ និងបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ បង្ហោះសារបោកប្រាស់ និងបញ្ឆោតជនរងគ្រោះ ដើម្បីទទួលបានការផ្ទេរប្រាក់ពីជនរងគ្រោះ តាមរយៈគណនីក្លែងក្លាយ និងការលាងលុយកខ្វក់។
ក្រុមឆបោកទាំងនោះ បានប្រើប្រាស់ទំព័រហ្វេសប៊ុក Aurora Gold Trading ក្លែងក្លាយ ដើម្បីបោកប្រាស់សាធារណជនឱ្យវិនិយោគ ដោយទទួលបានប្រាក់ចំណេញខ្ពស់ពី២០ ទៅ៣០ភាគរយ ហើយជនរងគ្រោះជាច្រើន ត្រូវបានបោកបញ្ឆោត។
ក្រុមឆបោកបានប្រើប្រាស់គណនីធនាគារចំនួន៣ ដែលជាកម្មសិទ្ធិរបស់ជនជាតិថៃ មុននឹងផ្ទេរប្រាក់ទៅគណនីដែលជាកម្មសិទ្ធិរបស់ថៅកែជនជាតិចិន បន្ទាប់មកនឹងប្រតិបត្តិការលាងលុយកខ្វក់។ លុយកខ្វក់ត្រូវបានលាងតាមរយៈការចំណាយក្នុងប្រទេសថៃ និងទិញទំនិញនៅក្រៅប្រទេសដូចជា៖ ជី ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់រថយន្ត បន្ទាប់មកទំនិញទាំងនោះត្រូវបាននាំចូលមកប្រទេសកម្ពុជា និងប្រទេសឡាវ ដែលគេលក់ជាសាច់ប្រាក់៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង