ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា សម្ដេច បំបែកឯកគ្គទកម្ម ធ្វើជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេលើពិភពលោក និងបំបែកឯកគ្គទកម្ម ធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេច បានធ្វើជានាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំហើយ មកដល់ពេលនេះ ដោយសម្ដេចលើកឡើងជាសំណួរ ថាតើ នៅលើពិភពលោកនេះ មាននរណាធ្វើនាយករដ្ឋមន្ត្រី បានធ្វើយូរដូចសម្ដេច គឺមិនមាននោះទេ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំបំបែកឯកគ្គទកម្មទីមួយ គឺជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេលើពិភពលោក កាលពី ៣៨ឆ្នាំមុន ឥឡូវខ្ញុំបានបំបែកឯកគ្គទកម្មមួយទៀត គឺធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភព លោក»៕