(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេសនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមកបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានរកឃើញវត្តមានជំងឹកូវីដ១៩ អូមីក្រុងប្រភេទបំប្លែងខ្លួនថ្មី BA.4 និង BA.5 ដែលស្ថានភាពចម្លងរបស់ពពួកបំប្លែងថ្មីនេះកាន់តែលឿនជាងមុន។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មីBA.4 និង BA.5ទាំងអស់គ្នា ដោយការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែថថា ករណីអ្នកជំងឺកូវីដ-១៩ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឱ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា មានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។

ក្រសួងបន្តថា ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗនាំឱ្យមានកំណើនឡើង នូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបម្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបញ្ចៀតចូលប្រព័ន្ធភាពស៊ាំ របស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន។ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4និង BA.5 នេះ គឺមានរោគសញ្ញាដូចជាក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរមានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ