រដ្ឋមន្ដ្រីក្រសួងកសិកម្ម ៖កំណើនផលិតកម្មចំណីសត្វនឹងជះឥទ្ធិពលជាវិជ្ជមានដល់កម្លាំង ប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ជាការពិតណាស់កំណើនផលិតកម្មចំណីសត្វ នឹងជះឥទ្ធិពលជាវិជ្ជមាន ដល់កំលាំងប្រមូល ទិញវត្ថុធាតុដើមក្នុងស្រុក បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាពការហូរចេញទៅក្រៅស្រុក នឹងត្រូវកាត់បន្ថយ ។
វត្ថុធាតុដើមក្នុងស្រុក រួមមាន ៖ ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀង ជាដើម។
ក្នុងពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី «ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា» រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក វេង សាខុន បានឲ្យដឹងថា ក្រសួងកសិកម្ម ជានិច្ចកាលបានគិតគូ យកចិត្តទុកដាក់ សហការ ឧបត្ថម្ភគាំទ្រ និងកៀរគរ គ្រប់ភាគី ពាក់ព័ន្ធមានតាមអភិក្រម ៖ រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង សហគមន៍ ដើម្បីសហការគ្នាបង្កើត បានជាចលករ និងបង្កើន សមត្ថភាព ក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដាំដុះ កែច្នៃផលិតផលកសិកម្ម ដោយចាប់ពី A to Z (ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ស្តុកទុក ដឹកជញ្ជូន ចែក ចាយ ឬនាំចេញ)។
លោក បានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឲ្យខ្សែ ច្រវាក់ផលិតកម្មចំណីសត្វ មានការវិវឌ្ឍន៍កាន់តែល្អប្រសើរ ធានាបានទាំងបរិមាណផលិត គុណភាពចំណី សុវត្ថិភាព និងស្តការប្រកួតប្រជែង សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ពិតណាស់កំណើនផលិតកម្មចំណីសត្វ វានឹងជះឥទ្ធិពលជាវិជ្ជមានដល់កំលាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក មាន ៖ ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និង សណ្តែកសៀង។ បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណី មាននិរន្តរភាព ការហូរចេញទៅក្រៅស្រុក នឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើន តម្លៃបន្ថែមផងដែរ»។
លោក បានបន្ដថា ខ្សែច្រវាក់ផលិតកម្មចំណីសត្វ ក្នុងរោងចក្រដំណើរការប្រកបដោយនិរន្តរភាព បុគ្គលិក កម្មករមានការងារធ្វើ មានប្រាក់ចំណូល កម្រិតជីវភាពត្រូវបានលើកកម្ពស់ សមតាមក្តីប្រាថ្នា របស់រាជរដ្ឋាភិបាលក្នុងការជំរុញ ឬបង្កើនផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនប្រាក់ចំណូល ។ កត្តាទាំងអស់នេះ គឺបានបង្ហាញពីឆន្ទរបស់យើង ដែលកំពុងនាំគ្នាដើរលើ វិថីឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។
សូមរំលឹកថា ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើ ប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ៕