ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះជំងឺអុតស្វា ទោះបីគិតថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមិនទាន់មានករណីជំងឺនេះក៏ដោយ។

យោងតាមសេចក្ដីណែននាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល ចេញផ្សាយនាថ្ងៃទី១១ កក្កដា នេះ លោក ម៉ម ប៊ុនហេង បានថ្លែងថា «សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ»។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (PAHO/WHO) បានបញ្ជាក់ពីករណីអុតស្វាចំនួន ៧.៨៩២ និងស្លាប់ ៣នាក់ ត្រូវបានរាយការណ៍ពី ៦៣ប្រទេស ក្នុងតំបន់ ចំនួន ៥ របស់អង្គការសុខភាពពិភពលោក (តំបន់អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាងលិច) ក្នុងនោះ ៩៨ភាគរយ នៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

បើតាមការរាយការណ៍បង្ហាញថា មានការរាតត្បាតនៃជំងឺអុតស្វាបន្តកើតមានជាចម្បងលើបុរសដែលរួមភេទជាមួយបុរស ជាមួយដៃគូថ្មី ឬច្រើននាពេលថ្មីៗនេះ។ ខណៈពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាព បឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិ នៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។

លើសពីនេះទៀត គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ប្រទេសសិង្ហបុរី ក៏បានរកឃើញករណីជំងឺអុតស្វាសរុប ៤ករណី ដែល ៣ករណីនាំចូលមកពីបរទេស និង១ករណីកើតមានក្នុងប្រទេសរបស់ខ្លួន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ