កំពង់ស្ពឺ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺ រួមគ្នាបន្តអនុវត្តជំហានចុងក្រោយ ដើម្បីឈានទៅលុបបំបាត់ឱ្យបានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱកាសដឹកនាំក្រុមការងារប្រតិភូជាន់ខ្ពស់អង្គការសុខភាពពិភពលោក ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពវិស័យ សុខាភិបាល ពិសេសលើកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ និងការថែសុខភាពបឋមរបស់ខេត្តកំពង់ស្ពឺ លោក ម៉ម ប៊ុនហេង បានជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ពិសេសមន្ត្រីសុខាភិបាលខេត្តគោលដៅឱ្យបន្ដខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាពអនុវត្តជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣។

បន្ថែមពីនេះ លោក បានបន្តថា ចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ថ្វីដ្បិតតែមានការថយចុះច្រើនតែគ្រប់គ្នាត្រូវពង្រឹងបន្ថែមទៀត ជាពិសេសសកម្មភាពអនុវត្តជំហានចុងក្រោយ។ ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចាំបាច់បំផុតដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាលជាពិសេសគឺជំហានចុងក្រោយលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ស្ថាប័នពាក់ព័ន្ធជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្ត្រ១-៣-៧ ហើយក្នុងករណីរកឃើញមានវិជ្ជមានជំងឺនេះត្រូវព្យាបាល និងកំណត់ភូមិសាស្ត្រសម្បុកចម្លង និងឆ្លើយតបកម្ចាត់សម្បុកបង្កជំងឺ។ ត្រូវចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រជំហានចុងក្រោយ «លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២៣» លើគោលដៅប្រជាជនចេញចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជាអ្នកប្រកបរបរចូលព្រៃរកអនុផលព្រៃឈើ អ្នកទៅបោះជំរុំ ឬអ្នកទេសចរកម្សាន្តក្នុងព្រៃភ្នំជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ