ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ សម្រាប់បណ្ដាឆ្នាំខាងមុខ និងឆ្ពោះទៅការសម្រេច បានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នាឆ្នាំ២០៣០ ក្រសួងសុខាភិបាល បានដាក់ចេញនូវផែនការរុករកជំងឺរបេងលើកុមារបន្ថែមទៀត ដោយកន្លងមករកតែលើមនុស្សចាស់ ដោយរកឱ្យឃើញកាន់តែលឿន ដាក់ឱ្យព្យាបាលកាន់តែរហ័ស និងប្រកបដោយប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបលទ្ធផលគម្រោងសិក្សា TB-Speed ថ្នាក់ជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT)និងវិទ្យាស្ថានប៉ាស័្ទរកម្ពុជា ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូតបារាំង លោក Jacques PELLET, លោកសាស្ដ្រាចារ្យ Andre Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, លោកវេជ្ជបណ្ឌិត ហូត ចាន់ យុដា នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងអ្នកចូលរួមជាច្រើនរូបទៀត ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

លោក ម៉ម ប៊ុនហេង បន្ដថា គោលដៅយើងចង់ស្វែងរកឱ្យបានអស់នូវអ្នកកើតជំងឺរបេងទូទាំងប្រទេសកាន់តែឆាប់រហ័ស យកមកព្យាបាលឱ្យឆាប់ជា ទើបប្រសិទ្ធមានខ្ពស់សម្រាប់គោលដៅយើង។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រាល់ការព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋ គឺមិនគិតប្រាក់ទេ។

លោក បន្ថែមថា «ជំងឺរបេង មិនមែនជាជំងឺតំណពូជ ប៉ុន្ដែវាឆ្លងតាមរយៈការរស់នៅជាមួយគ្នា ដូចនេះបើរកឃើញលើកូនក្មេង នោះយើងនឹងស្វែងរកទៅលើឪពុកម្ដាយ ឬយាយតា ដែលរស់នៅជាមួយគ្នា។ ការស្រាវជ្រាវរកបន្ដនេះ យើងនឹងអាចរុករកលឿន យកមកព្យាបាលឱ្យឆាប់ជា ដើម្បីកាត់បន្ថយអត្រាឆ្លង និងស្លាប់ ឱ្យលែងជាបញ្ហាសុខភាពសាធារណៈ នៅឆ្នាំ២០៣០»។

លើសពីនេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏អំពាវនាវដល់សេវាឯកជន ត្រូវសហការផងដែរ បើមានអ្នកជំងឺទៅរកសេវាព្យាបាល ហើយពិនិត្យទៅឃើញមានជំងឺរបេង សូមបញ្ជូនពួកគាត់មកពេទ្យរដ្ឋ ព្រោះជំងឺនេះ គឺព្យាបាលក្នុងរយៈពេលវែង ៤ទៅ៦ខែ ដែលធ្វើឱ្យអ្នកជំងឺ ចំណាយថវិកាអស់ច្រើន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ