ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជនជួបប្រទះបញ្ហាជាច្រើន រួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់, បញ្ហាទីផ្សារ, កង្វះឥណទាន, ខ្វះវត្ថុធាតុដើម និងប្រេងឥន្ទន:ឡើងថ្លៃ ជាដើម។

ក្នុងពិធីប្រគល់កញ្ចប់វិនិយោគ នៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលត្រី ក្រសួងបានបង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំគោលនយោបាយ កៀរគរធនធាន និងផ្តល់ជំនួយបច្ចេកទេសដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងផ្នែកផលិតភាព គុណភាព និងស្តង់ដារ ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍»។ 

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «សហគ្រាសឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។ តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជនបាននិងកំពុងជួបប្រទះបញ្ហាជាច្រើន រួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ»។

លោក បានបន្ថែមថា ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលផងដែរ ហើយពិតណាស់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវគិតគូជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ