ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប កុំធ្វេសប្រហែសឱ្យសោះ ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល ទោះបីប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដោយ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៤ សីហា លោកស្រី ឱ វណ្ណឌីន បានថ្លែងឱ្យដឹងថា ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ ដោយបង្ហាញថា កូវីដ-១៩ កំពុងតែនៅមានការឆ្លងនៅក្នុងប្រទេសនៅឡើយ ជាពិសេសពួកអូមីក្រុង ដែលជាវីរុសកូវីដ-១៩ បម្លែងថ្មី ហើយនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសាកលលោក ក៏នៅតែមានការឆ្លងបន្ត និងមានករណីស្លាប់បន្ថែមទៀតផងដែរ។

លោកស្រី បញ្ជាក់ថា «ដូច្នេះ សូមបងប្អូនកុំធ្វេសប្រហែសឱ្យសោះ ដោយត្រូវបន្តអនុវត្តន៍វិធានការ ពាការពារ និង៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានទាន់ពេល នៅពេលដល់វេន នឹងជួយលោកអ្នកដល់ការការពារពីភាពធ្ងន់ធ្ងរបង្កឡើងដោយជំងឺនេះ កាត់បន្ថយអត្រាចូលសម្រាកពេទ្យ និងកាត់បន្ថយជាអតិប្បរិមានូវការស្លាប់បាតបង់ជីវិត។ អ្វីដែលយើងចង់បាននៅពេលនេះ គឺការរស់នៅប្រកបដោយ អាយុវែង និងការថែទាំយកចិត្តទុកដាក់ ក្រុមគ្រួសារឱ្យមានសុខសុភមង្គល និងសុខភាពល្អ»។

លោកស្រី បន្ថែមថា ដើម្បីធ្វើដូច្នេះបាន គឺអាស្រ័យទៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គល និងគ្រួសារ ដោយត្រូវនាំគ្នាទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តទៀត រួមនិងការអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ព្រមទាំងកុំភ្លេចអនុវត្តការបរិភោគអាហារឆ្អិនល្អ ហើយកុំឱ្យប្រៃពេក កុំផ្អែមពេក កុំខ្លាញ់ពេក និងធ្វើលំហាត់ប្រាណទៀងទាត់។

លោកស្រី រដ្ឋលេខាធិការ ក៏បានរំលឹកថា តាមការវាយតម្លៃរបស់ Neikki Asia សម្រាប់ COVID-19 Recovery Index គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជា ឈរនៅលើចំណាត់ថ្នាក់លេខ២។ លោកស្រី ថា «សុខភាពរបស់លោកអ្នក គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអ្នកផ្ទាល់ ដើម្បីឈាន់ទៅរកការរស់នៅប្រកបដោយផាសុខភាព និងអាយុយឺនយូរ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ