សម្ដេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរដោះស្រាយសេវាសាធារណៈជូនពលរដ្ឋបានល្អ កុំឲ្យមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យអាជ្ញាធរខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ កុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ។
ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយ:ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការ វាមិនមានអ្នកឈ្នះ មិនមានអ្នកចាញ់ ហើយមិនមានអ្នកខាត មិនមានអ្នកចំណេញនោះទេ គឺឈ្នះទាំងអស់គ្នា ដោយមិនចាំបាច់ឡើងដល់តុលាការឡើយ។
សម្ដេចតេជោ បញ្ជាក់ថា "ជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់"។
នាឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានជំរុញអោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករកុំឲ្យមានការរំលោភបំពានផ្សេងៗ៕