អភិបាលខណ្ឌត្រូវទទួលខុសត្រូវប្រសិនខណ្ឌរបស់ខ្លួនមានបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ
ប្រសិនបើនៅក្នុងខណ្ឌណាមួយមានលួចបើកក្លឹបកម្សាន្ត ខារ៉ាអូខេ ដោយមានភ្ញៀវចូលច្រើន ហើយត្រូវបានកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ បង្រ្កាបបានជាក់ស្តែង អភិបាលខណ្ឌនោះ នឹងត្រូវប្រឈមមុខជាមួយក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។នេះបើតាមការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ទន្ទឹមនឹងការបញ្ជាក់ខាងលើនេះ លោកឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះ ពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋាន ថាតើទីតាំងទាំងនោះ បានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ។ ប៉ុន្តែផ្ទុយទៅវិញបើក្លឹបនិងខារ៉ាអូខេទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេ តែបែរជាលួចបើកជាក្លឹប ខារ៉ាអូខេ នោះអាជ្ញាធរខណ្ឌនឹងត្រូវទទួលខុសត្រូវចំពោះមុខក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលហើយ។
លោកឃួង ស្រេង បន្តថា ដោយឡែកចំពោះផ្សារទំនើបត្រូវតែមានសន្តិសុខចាំបើកទ្វារ ត្រូវមានម៉ាស៊ីនវាស់កំដៅ ត្រូវមានអាល់កុលលាងដៃ ។ ចំណែកនៅតាមផ្សាររដ្ឋ ប្រធានផ្សារក៏ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ។
សូមជម្រាបជូនដែរថា ក្រសួងសុខាភិបាលកម្ពុជា បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់បិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ ហើយនៅថ្ងៃទី៣ ខែកក្កដា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឲ្យអាជីវកម្មក្លឹបកម្សាន្ត និង KTV នៅទូទាំងប្រទេស ត្រូវដូរទៅជាភោជនីយដ្ឋាន ដើម្បីអាចបើកដំណើរការឡើងវិញ៕sp