សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្ញើរសារអំពាវនាវ៥ចំណុចដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស
សារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើរជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស ៖
១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើង វិញ។
៥. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
សារអំពាវនាវខាងលើនេះបានធ្វើឡើងក្នុងឱកាសដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោត ចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ៕SP