រយៈពេល ៩ ខែនៃឆ្នាំ២០២០ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាបនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់
ក្នុងរយៈ ពេល ៩ ខែឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣ លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី និងពិន័យអន្តរការណ៍ ៤១ ករណី។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោកម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួង។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថានៅក្នុងរយៈពេល៩ ខែនេះមន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣ គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន១០៦ គ្រឿង និងម៉ូតូ ៤៦ គ្រឿង រឹបអូសឈើចំនួន ៣០៣ ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១៦៧៧ អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣ គ្រឿង។
ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយ USAID របស់សហ រដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។
សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចប្បន្ននេះមានមន្ត្រីឧទ្យានុរក្សចំនួន ៨៤ នាក់បាននិងកំពុងឈរជើងការពារនៅក្នុងនោះ ខេត្តកំពង់ធំមាន ៣៤ នាក់ ខេត្តស្ទឹងត្រែងមាន ២៤ នាក់ និងខេត្តក្រចេះចំនួន ១២ នាក់ ខេត្តព្រះវិហារចំនួន ១៣ នាក់ ហើយសហគមន៍តំបន់ការពារធម្មជាតិមានចំនួន ១៩ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលបានចូលរួមសហការចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស៕SP