ភ្នំពេញ៖មុននឹងនិយាយដល់”ការចេញវស្សា”គេត្រូវនិយាយអំពី” ការចូលវស្សា” សិន។ចូលវស្សាគឺជាកិច្ចដ៏សំខាន់ និងចាំបាច់បំផុតមួយដែលមានចែងក្នុងវិន័យប្បញ្ញត្តិរបស់ ព្រះពុទ្ធសាសនា ហើយការចូលវស្សានេះ ក៏មានតែនៅក្នុងព្រះពុទ្ធសាសនាដែរ ។ចូលវស្សា មានរយៈពេល ៣ ខែ គត់ចាប់ពីថ្ងៃ ១ រោច ខែអាសាឍដល់ថ្ងៃ ១៥ កើត ខែ ភត្របទ ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី ៦ ខែកក្កដាដល់ថ្ងៃទី ២ ខែ តុលា ។

កិច្ចដែលត្រូវធ្វើដើម្បីចេញវស្សាស្រដៀងគ្នាទៅនឹងកាលចូលវស្សាដែរ គឺលុះផុតកំណត់ចាំវស្សាបីខែហើយ ដើម្បីចេញវស្សា នៅថ្ងៃ១៥កើត ពេញបូណ៌មី ខែ ភទ្របទ ដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី ២ ខែ តុលា ភិក្ខុសង្ឃ ត្រូវធ្វើកិច្ចចេញវស្សារបស់ ខ្លួនវិញដែលហៅថា“ បវរណាចេញវស្សា ” ។ ពិធីបវរណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬ បុគ្គលគ្នាឯងរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គង ឬ លើសបញ្ញត្តិណាមួយ ក្នុងការចាំវស្សា៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តី និង ការរង្កៀសក្តី ក៏សួមឱ្យលើកឡើង និងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ ដើម្បីភិក្ខុប្រព្រឹត្តខុសនោះ បានកែប្រែ ឱ្យប្រសើរឡើងវិញហើយកិច្ចនេះហៅថា” សម្តែងអាបត្តិ ” ។

ដូច្នេះក្នុងពិធីបវារណាចេញវស្សានេះ ព្រះសង្ឃគ្រប់អង្គអាចបង្ហាញពីទោសដល់គ្នាទៅវិញទៅមក ដោយយោងតាម៣ចំណុចគឺ ទោសកំហុសដែលបានឃើញដោយផ្ទាល់, កំហុសដែលបានឮតគ្នា និងការសង្ស័យលើចំណុចណាមួយ ។

សារៈសំខាន់នៅក្នុងករណីទាំងអស់ហ្នឹង បើអ្នកដទៃចង្អុលបង្ហាញប្រាប់ទោស កំហុសនោះ ដូចគេប្រាប់កំណប់អ៊ីចឹងដែរ ព្រោះទោសកំហុសនោះជាជញ្ជាំងបិទបាំងនូវប្រយោជន៍ក្នុងលោកនេះផង និងលោកខាងមុខផង។ កាលណាយើងធ្វើខុសអី្វមួយនោះហើយយើងមិនដឹង ទោសនោះពីមួយថ្ងៃទៅមួយថ្ងៃរឹតតែសង្កត់សង្កិនយើងកាន់តែធ្ងន់ទៅៗ។ អ៊ីចឹងពេលណាគេប្រាប់ថាខុសហើយ នឹងធ្វើឱ្យយើងត្រឡប់មករកផ្លូវត្រូវវិញ ដូចគេប្រគល់ប្រយោជន៍ឱ្យយើងអ៊ីចឹងដែរ ។ដូចនេះការធ្វើពិធីបវារណាចេញវស្សានេះគឺមានបំណងឱ្យភិក្ខុសង្ឃទាំងអស់អង្គចេះកែខ្លួន ហើយសុំឱកាសអំពីអង្គផ្សេងៗទៀតឱ្យគេជួយថា ជួយប្រាប់ ជួយចង្អុលបង្ហាញផ្លូវប្រតិបត្តិឱ្យបានត្រឹមត្រូវ ។

ចំណែកពុទ្ធបរិស័ទទូទៅក៏អាចរៀនសូត្រពីការធ្វើពិធីបវារណាចេញវស្សារបស់ព្រះភិក្ខុសង្ឃ ផងដែរតាមរយៈបង្កើតការជួបជុំក្នុងគ្រួសារ ឬស្ថាប័ន អង្គភាពរបស់ខ្លួន ដើម្បីធ្វើការឆ្លុះបញ្ចាំងនិងផ្ដល់យោបល់កែលម្អគ្នាទៅវិញទៅមក និងសុំទោសគ្នានូវរាល់កំហុសឆ្គងទាំងឡាយ ហើយចេះកែកំហុសនោះ ដើម្បីការរស់នៅសុខសាន្តជានានឹងគ្នាតរៀងទៅ ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ