កម្ពុជានាំយករូបសំណាក់ ចំនួន៨ យកទៅតាំងពិព័រណ៍នៅសារមន្ទីរសិល្បៈក្លេវើឡេន សហរដ្ឋអាមេរិក
ភ្នំពេញ៖ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅសារមន្ទីរជាតិមានប្រារព្ធពិធីបញ្ចប់ការវេចខ្ចប់រូបចំនួន៨ ដើម្បីយកទៅតាំងពិព័រណ៍នៅសារមន្ទីរសិល្បៈក្លេវើឡេន នារដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ក្រោមចំណងជើងថា៖ ‘Revealing Krishna: Journey to Cambodia’s Sacred Mountain’ ដែលនឹងរៀបចំឡើងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
សមុច្ច័យទាំង៨ នោះរួមមាន លិង្គមកពីសារមន្ទីរអង្គរបុរីនៃខេត្តតាកែវ។ ដោយឡែករូបនាងទុគ៌ា ព្រះនារាយណ៍ ព្រះក្រឹស្ណៈទ្រភ្នំគោវធ៌ន ព្រះពុទ្ធទ្រង់អភ័យមុទ្រា ស្នានទ្រោណី ពលរាម និងដងខ្លួនព្រះក្រឹស្ណៈទ្រភ្នំគោវធ៌ននៅសារមន្ទីរជាតិផ្ទាល់តែម្ដង។
សម្រាប់ដំណើរការនៃការវេចខ្ចប់រូបទាំងនេះធ្វើឡើងរយៈពេល ៥ថ្ងៃគត់ ដោយមន្ដ្រីនិងបុគ្គលិកសារមន្ទីរជាតិសហការជាមួយក្រុមហ៊ុនថូម៉ាស។ ដំណើរការនេះរួមមានការសម្អាតនិងជួសជុលរូប ការបន្ថែមពណ៌ ការលើកដាក់កេស ការរៀបចំដាក់ស្នោទប់ និងក្រដាសការពារសំណើមនៅក្នុងកេស ការឃ្លុំបេនិងបិតគំនូសសញ្ញានានាជាដើម៕SP