៤ខែ ឆ្នាំ២០២២ កម្ពុជា នាំចេញអង្ករ និងស្រូវបានជិត ២លានតោន គិតជាទឹកប្រាក់ជាង ៥១៦លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ២២១ ១៣៨ តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១លានដុល្លារសហរដ្ឋអាមេរិក ។
យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២២ នេះ មានក្រុមហ៊ុននាំចេញចំនួន ៤៨ ក្រុមហ៊ុនបានធ្វើការនាំចេញ ទៅកាន់គោលដៅចំនួន ៥៤ ដែលក្នុងនោះ កម្ពុជាបាននាំទៅ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវបាន បានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង ៥២.១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារសហរដ្ឋអាមេរិក ការនាំចេញទៅ តំបន់អឺរ៉ុបមានបរិមាណសរុបចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១.០០% គិតជាទឹកប្រាក់មានចំនួន ៥១.០២ លានដុល្លារសហរដ្ឋអាមេរិក ការនាំចេញទៅកាន់តំបន់សមាជិកអាស៊ានមានចំនួន ២១ ៨៧៦ តោន ឬស្មើនឹង ៩.៨៩ % គិតជាទឹកប្រាក់មានចំនួន ១៣.៩០លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ ខាងលើបានចំនួន ១៥ ៤៥២ តោន ឬស្មើនឹង ៦.៩៩% គិតជាទឹកប្រាក់មានចំនួន ១១.៧៤ លានដុល្លារសហរដ្ឋអាមេរិក។
បរិមាណនៃការនាំចេញក្នុងរយៈពេល ៤ខែនេះ មានកំណើនចំនួន ១៤.៨៨% ឬស្មើនឹងចំនួន ២៨ ៦៤៣ តោន។ កម្ពុជាបាននាំចេញស្រូវគ្រប់ប្រភេទ ឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមបានចំនួន ១ ៦៤៨ ៤៧៤ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជាចំនួន ៣៧៦.៦៤ លានដុល្លារសហរដ្ឋអាមេរិក។
ប្រភេទអង្ករក្រអូបគ្រប់ប្រភេទ មានបរិមាណចំនួន ៦៧.១២% អង្ករស ចំនួន ៣០.១៣% អង្ករចំហុយចំនួន ១.០៧% និងអង្ករសរីរាង្គចំនួន ១.៦៨% ៕EB