រដ្ឋមន្ដ្រីក្រសួងសាធារណការ ៖ កម្ពុជា ប្ដេជ្ញាកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស ឲ្យនៅកម្រិតសូន្យ ឆ្នាំ២០៥០
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះសម្រេចបាននូវការកាត់បន្ថយបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី ឲ្យនៅកម្រិតសូន្យ ក្នុងឆ្នាំ២០៥០។
ក្នុងជំនួបពិភាក្សាការងារជាមួយ តំណាងស្ថានីយប្រេងឥន្ធនៈ អំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងពីបច្ចុប្បន្នភាព នៃការជំរុញការប្រើប្រាស់យានយន្ត EVs គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយសាកថ្មយានយន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនី ចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។
លោក បន្ដថា គម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចំនួន២ កន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗ ដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានី ចំនួន១០ ទីតាំងដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល។ លោកថា ក្រសួងកំពុងពិចារណាលើការស្នើឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារ ដូចជា៖ Food Panda ,NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនីជំនួសម៉ូតូ ដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។
លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០%»។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុន បានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួង និងខិតខំធ្វើការងារជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយានយន្ត EVs នៅតាមបណ្តាទីតាំងស្ថានីយនានារបស់ខ្លួន៕EB
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០