ធនាគារពិភពលោក ៖ កម្ពុជាអាចស្ដារសេដ្ឋកិច្ចឡើងវិញ តាមរយៈបង្កើនផលិតភាព និងការវិនិយោគក្នុងស្រុក
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីសំណាក់ការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសនេះអាចស្តារសេដ្ឋកិច្ចឲ្យមានកំណើនទៀងទាត់ឡើងវិញ តាមរយៈបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធកម្មក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។ WB និយាយដូច្នេះ នៅក្នុងជំនួយស្មារតីមួយ ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជា ធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យម ៧,៧ភាគរយ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ ចំនួន១០,១ភាគរយ ធ្វើឲ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ភាគរយ ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយ នាដំណាច់ឆ្នាំកន្លងទៅ។
WB បន្ដថា ជំងឺរាតត្បាតជាដើមចមធំធ្វើឲ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល, ទីផ្សារ និងធនធានហិរញ្ញប្បទាន ដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឲ្យកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់ទៅនឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើង នៅក្នុងរបាយការណ៍ក្រោមចំណងជើង ថា «ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជា» (Resilient Development, a Strategy to Diversify Cambodia’s Growth Model)។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា, ពង្រឹងបទប្បញ្ញត្តិ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព»។
លោកស្រី បន្ថែមថា ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឲ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួន៥មុខ មានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ៨០ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលស្រូបយក៦៩ភាគរយ នៃបរិមាណទំនិញនាំចេញទាំងនោះ៕EB
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០