ធនាគារជាតិ នៃកម្ពុជា ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ល្អជាងឆ្នាំ២០២០ បានគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ បានគាំទ្រដល់ការងើបឡើង នៃសេដ្ឋកិច្ចពិភពលោក ជួយជំរុញការនាំចេញ គួបផ្សំ និងការអនុវត្តប្រកប ដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិ ។
ក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ មករា លោក ជា ចាន់តូ បានបញ្ជាក់ ថា «សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើង នៃ សេដ្ឋកិច្ចពិភពលោក ដែលបាន ជួយជំរុញការនាំចេញ គួបផ្សំ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល នូវវិធានការ គាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រង ការឆ្លងរាលដាល នៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំង ដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ច ដំណើរការឡើងវិញ ជាលំដាប់»។
លោកបន្ដថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានសម្រេចបាន ក្នុងរង្វង់៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រា អតិផរណា២,៩% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន ។ លោកថា ធនាគារជាតិ បានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ ដុល្លារអាមេរិកជាង៥០០លាន ដើម្បីស្រូបយកប្រាក់រៀល ពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឲ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារ។
ជាងនេះទៅទៀត លោក ទេសាភិបាល លើកឡើងថា ធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយ បទប្បញ្ញត្តិ និងការអនុវត្តនយោបាយ រូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើក កម្ពស់សមត្ថភាព គ្រប់គ្រងហានិភ័យ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាត ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ ចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុក របស់ប្រជាពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត៕EB
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០