កម្ពុជានៅសល់អង្ករក្នុងស្តុក ដែលអាចផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ
ភ្នំពេញ ៖ លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលស្តុកអង្ករសរុបនៅទូទាំងប្រទេសកម្ពុជា នៅអាចផ្គត់ផ្គង់ រហូតដល់៦ខែទៀត ក្នុងកាលៈ ទេសៈពិភពលោកជួបវិបិត្តសន្តិសុខស្បៀង ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។យោងតាម ការចេញផ្សាយ ក្រសួងព័ត៌មាន។
លោក វ៉េង សាខុន មានប្រសាសន៍ថា «ផលស្តុកអង្ករសរុបមាននៅតាមឃ្លាំង រោងម៉ាស៊ីន កិនស្រូវ តាមសហគមន៍ និងនៅតាមផ្ទះប្រជាជន ដោយមិនរាប់បញ្ចូលកន្លែង លក់អង្ករ ក្នុងពេលបច្ចុប្បន្ន នៅសល់ប្រហែលជាង ១លាន៥សែនតោន ដែលចំនួននេះអាចផ្គត់ផ្គង់ បានរហូតដល់៦ខែទៀត ខណៈការបង្កបង្កើនផលស្រូវវស្សា របស់កសិករចាប់ផ្តើម ជា បណ្ដើរៗ ដោយបានជិត២ម៉ឺនហិចតា ទន្ទឹមនឹងការប្រមូល ផលស្រូវប្រាំងនៅ តាមបណ្តា ខេត្តមួយចំនួន ក៏បាននឹងកំពុងបង្ហើយនៅចុងរដូវនេះ ដើម្បីឈានទៅចាប់ផ្តើមស្រូវ ដើមរដូវ ឡើវិញ»។
លោកពន្យល់ថា ក្នុងរយៈពេល៦ខែ ខាងមុខនេះ ការផ្គត់ផ្គង់អង្ករក្នុងស្រុកត្រូវការ តែក្នុង បរិមាណប្រហែល១លាន១សែនតោនប៉ុណ្ណោះ ចំណែកសល់៤សែនទៀត គឺជាប្រភេទអង្ករ ក្រអូបដែលត្រៀមនាំចេញទៅទីផ្សារបរទេស។
លោក បានបន្តថា ផលស្តុកអង្ករនៅក្នុងប្រទេសកម្ពុជា ពុំចោទជាបញ្ហាខ្វះស្បៀង ក្នុងកាលៈ ទេសៈ កម្ពុជា ក៏ដូចជាពិភពលោកជួបវិបិត្តដោយការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីចុងខែមីនា ឆ្នាំ២០២០ បានប្រកាសថា រាជរដ្ឋាភិបាលទម្លាក់ថវិកាឲ្យរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពី ប្រជាពលរដ្ឋមក រក្សាទុកក្នុងតម្លៃសមរម្យ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជា ស្របពេលប្រទេសជាតិ កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩៕ E B