ប្រទេសអ៊ីតាលី និងទុយនីស៊ី ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់
រ៉ូម៖ ប្រទេសអ៊ីតាលី និងទុយនីស៊ីបានសន្យាថានឹងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន News Cn នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣។
ប្រធានាធិបតីទុយនីស៊ី លោក ខៃស៍ សៃ បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី លោក ម៉ាត់តេអូ ភៀនតេដូស៊ី ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសទុយនីស៊ី ដែលផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។
ប្រធានាធិបតីទុយនីស៊ី លោក ខៃស៍ សៃ បាននិយាយថា ចំនួនជនរងគ្រោះនៃការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ខុសច្បាប់ កំពុងកើនឡើងជារៀងរាល់ថ្ងៃ និងថា មានបណ្តាញឧក្រិដ្ឋកម្មដែលទាញយកផលប្រយោជន៍ពីស្ថានភាពអមនុស្សធម៌ នៃអ្នកដែលជាប់គាំងដោយសារភាពក្រីក្រ និងភាពអស់សង្ឃឹមក្នុងជីវិត។
យោងតាមតួលេខដែលបានចេញផ្សាយដោយឆ្មាំឆ្នេរសមុទ្រអ៊ីតាលី នៅឆ្នាំ 2022 ជនចំណាកស្រុកសរុបចំនួន 32,000 នាក់បានទៅដល់ប្រទេសអ៊ីតាលីពីទុយនីស៊ីច្រើនជាង 60 ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ 2021៕