ប្រជាពលរដ្ឋនៅក្នុងភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ដក្រចេះ សហការគ្នាដាក់អំពូលភ្លើងនៅក្នុងភូមិ
ក្រចេះ ៖ ប្រជាជននៅក្នុងភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ដក្រចេះបានសហការព្រមទាំងមូលមតិគ្នាដាក់អំពូលភ្លើងនៅតាមដងផ្លូវក្នុងភូមិចាប់តាំងពីដើមភូមិរហូតដល់ចុងភូមិ ប្រមាណជាង៦៦អំពូល។ការរៀបចំយុទ្ធនាការដាក់អំពូលភ្លើងនេះ ក្នុងគោលបំណងពង្រឹងដល់កិច្ចការពារ ភូមិឃុំឲ្យមានសុវត្ថិភាព ងាយស្រួលបើកបរនៅពេលយប់ ព្រមទាំងដើម្បីបង្កើនសោភណ្ឌភាព និងភាពទាក់ទាញផងដែរ ។
សម្រាប់ការចំណាយទៅលើអំពូល បង្គោលនិងសេវាថ្លៃភ្លើងរាល់ខែ គឺបានមកពីការចូលរួមចំណែក និងសហការគ្នា របស់ប្រជាពលរដ្ឋនៅក្នុងភូមិទាំងមូល ទាំងកម្លាំងកាយ ចិត្ដ និងថវិការ ដើម្បីធ្វើយ៉ាងណាបង្កើនភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ។
យ៉ាងណាមិញ បើតាមសម្ដីរបស់បងប្អូនប្រជាពលរដ្ឋដែររស់នៅក្នុងភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ដក្រចេះ បានលើកឡើងដូចគ្នាថា ពួកគាត់ទាំងអស់គ្នាសប្បាយចិត្តយ៉ាងខ្លាំង ដែលនៅក្នុងភូមិមួយនេះ ចេះសហការ និងចេះជួយគ្នាទៅវិញទៅមក ដែលសកម្មភាពទាំងអស់នេះបានឆ្លុះបញ្ជាំងពីសាមគ្គីភាពជាធ្លុងមួយ ។ ពួកគាត់បានបន្ថែមទៀតថា គាត់ចង់ឲ្យប្រជាជនចេះសហការគ្នា នៅភូមិ ឃុំ នៅក្នុងប្រទេសកម្ពុជាមានអំពូលភ្លើងនៅដងផ្លូវ ដូចភូមិរបស់គាត់។