ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានហ្វីលីពីនឱ្យដោះស្រាយជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងតាមរយៈកិច្ចសន្ទនាគ្នា ក្រោយភាពតានតឹងកើនឡើងជុំវិញការប៉ះទង្គិចគ្នាថ្មីៗនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន Reuters នៅថ្ងៃទី២២ ធ្នូ ២០២៣។

លោក វ៉ាង បានប្រាប់សមភាគីហ្វីលីពីន លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅក្នុងការហៅទូរសព្ទកាលពីថ្ងៃពុធថា ប្រសិនបើហ្វីលីពីនធ្វើការវិនិច្ឆ័យខុស ឬឃុបឃិតជាមួយកងកម្លាំង «ដែលមានចេតនាអាក្រក់» ពីខាងក្រៅ ក្នុងដែនទឹកជម្លោះនោះ នោះប្រទេសចិននឹងការពារសិទ្ធិរបស់ខ្លួន ហើយឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ 

មន្រ្តីការទូតជាន់ខ្ពស់ចិនដដែលបានព្រមានទៀតថា«ទំនាក់ទំនងចិន និងហ្វីលីពីន ស្ថិតនៅលើផ្លូវបំបែកមួយ។ អាទិភាពកំពូល គឺត្រូវដោះស្រាយគ្នា និងគ្រប់គ្រងស្ថានភាពដែនសមុទ្របច្ចុប្បន្នឱ្យបានត្រឹមត្រូវ»។

ខាងភាគីហ្វីលីពីនវិញ លោករដ្ឋមន្រ្តី Manalo បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានផ្លាស់ប្តូរសន្ទនាជាមួយលោក វ៉ាង ដោយស្មោះអស់ពីចិត្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីន។ លោកបន្តយ៉ាងដូច្នេះថា «យើងទាំង២បានកត់សម្គាល់ពីសារៈសំខាន់នៃការសន្ទនាក្នុងការដោះស្រាយបញ្ហាទាំងនេះ»។

គួរគូសបញ្ជាក់ថា ចិនទាមទារដែនទឹកសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ដោយស្របតាមផែនទី «បន្ទាត់ក្រហម៩ឆ្នូត» របស់ខ្លួន ដែលធ្វើឱ្យមានភាពចម្រូងចម្រាសគ្នាពីប្រទេស និងកោះក្នុងតំបន់ជាច្រើន រួមមានហ្វីលីពីន វៀតណាម តៃវ៉ាន់ ប្រ៊ុយណេ និងម៉ាឡេស៊ីជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ