ពពុះពណ៌ត្នោត(ទឹករំអិលសមុទ្រ) បានគ្របដណ្ដប់លើឆ្នេរសមុទ្រម៉ាម៉ារ៉ា នៅទីក្រុងអ៊ីស្តង់ប៊ុល ធ្វើអោយមានការព្រួយបារម្ភនិងគំរាមកំហែងដល់ជីវិតសមុទ្រ
អ៊ីស្តង់ប៊ុល៖ អាជ្ញាធរបានរាយការណ៍ថា ពពុះពណ៌ត្នោត(ទឹករំអិលសមុទ្រ) ដ៏ធំសម្បើម ជាសារធាតុក្រាស់និងរអិលដែលផ្សំឡើងដោយសមាសធាតុដែលបញ្ចេញដោយសារពាង្គកាយសមុទ្រ បានរីកដុះដាលនៅឆ្នេរម៉ាម៉ារ៉ារបស់ប្រទេសទួរគីក៏ដូចជានៅជាប់សមុទ្រខ្មៅនិងអៃហ្គេន។ នេះបើយោងតាមគេហទំព័រ Aljazeera ចុះផ្សាយនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២១ នេះ
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថា កាកសំណល់ដែលបានបង្ហូរចូលទៅក្នុងសមុទ្រ Marmara អាចធ្វើអោយប៉ះពាល់ដល់បរិស្ថាន និង បណ្តាលឱ្យសមុទ្រលែងមានពន្លឺ។
ប្រធានាធិបតីទួរគីបានសន្យាថានឹងជួយសង្គ្រោះសមុទ្រម៉ាម៉ារ៉ាពីការផ្ទុះឡើងនៃពពុះពណ៌ត្នោត(ទឹករំអិលសមុទ្រ) ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភដល់ជីវវិទូសមុទ្រនិងអ្នកបរិស្ថាន។
លើសពីនេះទៀត ទីក្រុងអ៊ីស្តង់ប៊ុលដែលជាទីក្រុងធំបំផុតរបស់ប្រទេសទួរគី ដែលមានប្រជាជនប្រមាណ ១៦ លាននាក់ និងរោងចក្រធំៗចំនួន ៥ ជាមណ្ឌលឧស្សាហកម្មជាប់ព្រំដែនសមុទ្រ។
យ៉ាងណាមិញ ពពុះពណ៌ត្នោត(ទឹករំអិលសមុទ្រ) បានឈានដល់កម្រិតអាសន្នដែលមិនធ្លាប់មាននៅឆ្នាំនេះក្នុងប្រទេសទួរគី។ វាអាចមើលឃើញនៅខាងលើផ្ទៃសមុទ្រ មានពណ៌ប្រផេះស្ដើងនៅតាមបណ្តោយឆ្នេរម៉ាម៉ារ៉ា នៃទីក្រុងអ៊ីស្តង់ប៊ុល។
គួរបញ្ជាក់ថា អ្នកជំនាញស្រាវជ្រាវសមុទ្រ និយាយថាកាកសំណល់មនុស្សនិងការបំពុលចេញពីរោងចក្រឧស្សាហកម្មកំពុងធ្វើឱ្យប៉ះពាល់ដល់សមុទ្ររបស់ប្រទេសទួរគី។ ពួកគេក៏បានបន្ថែមថា ការកើនឡើងសីតុណ្ហភាពទឹកពីការប្រែប្រួលអាកាសធាតុកំពុងរួមចំណែកដល់បញ្ហានេះ។