យ៉ាងហោចណាស់ មនុស្ស ១៨នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ជ្រោះនៅម៉ិកស៊ិក
ម៉ិកស៊ីកូ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបើកបររអិលធ្លាក់ជ្រោះ បណ្តាលអោយមនុស្សជិះនៅលើនោះ យ៉ាងហោចណាស់ ១៨នាក់បាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤មិថុនា ២០២៣។
អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៨នាក់បានស្លាប់ និងយ៉ាងតិច ២៣នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តក្រុងដឹកជនចំណាកស្រុកបរទេស និងអ្នកស្រុក បានបើកបររអិលធ្លាក់ចូលទៅក្នុងជ្រោះមួយកន្លែង ស្ថិតនៅភាគពាយ័ព្យប្រទេសម៉ិកស៊ិក។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ រថយន្តក្រុងដែលមានមនុស្សប្រហែល ៤០នាក់ជិះនៅលើនោះ បានធ្វើដំណើរពីទីក្រុងម៉ិកស៊ីកូ ឆ្ពោះទៅកាន់ភាគពាយ័ព្យនៃទីក្រុងទីជូអាណា ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងសាន់ ទីហ្គោ មកពីទីកន្លែងដែលជនចំណាកស្រុកជាច្រើន ព្យាយាមស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
ទន្ទឹមគ្នា ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ជនរងគ្រោះភាគច្រើនជាជនបរទេស និងមានប្រភពមកពីប្រទេសមួយចំនួនដូចជាឥណ្ឌា សាធារណរដ្ឋដូមីនីកែន និងមកពីទ្វីបអាហ្រ្វិកជាដើម ក្នុងចំណោមអ្នកផ្សេងទៀត ដែលខ្លះកំពុងធ្វើដំណើរទៅកាន់ទីក្រុងទីជូអាណា ដើម្បីឆ្លងចូលទឹកដីសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ គឺជារឿងធម្មតាទៅហើយក្នុងប្រទេសម៉ិកស៊ិក ដែលជាធម្មតាបណ្ដាលមកពីការបើកបរក្នុងល្បឿនលឿន ស្ថានភាពរថយន្តមិនល្អ ឬភាពអស់កម្លាំងរបស់អ្នកបើកបរជាដើម។ ប៉ុន្តែការបើកធ្លាក់ជ្រោះបែបនេះ គឺជាមូលហេតុចម្បងនៃការស្លាប់ ក្នុងចំណោមជនចំណាកស្រុក ដែលចង់ធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ទៅកាន់សហរដ្ឋអាមេរិក៕