ថៃ៖ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា( Prayut Chan-o-cha) រួមនិងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃសុក្រនេះ បានសម្រច លុបចោលភ្លាមៗ នូវផែនការចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ១៩ អាស្ត្រាសេនេកា(AstraZeneca )។  នាយករដ្ឋមន្ត្រីថៃ និងសមាជិកគណៈរដ្ឋមន្ត្រីថៃដទៃទៀត បានគ្រោង នឹងចាក់វ៉ាក់ស៊ាំង នៅមជ្ឈមណ្ឌលជំងឺឆ្លងបាំរ៉ាសណារ៉ាឌូ(Bamrasnaradura)  នៅខេត្តនុនថាបុរី(Bamrasnaradura) នៅព្រឹកថ្ងៃសុក្រនេះ។

ការសម្រេចលុបចោលផែនការចាក់វ៉ាក់ស៊ាំងនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសថៃពន្យាពេលប្រើប្រាស់វ៉ាក់ស៊ាំងអាស្ត្រាសេនេកា ក្រោយពីមានរបាយការណ៍អំពីបញ្ហាឈាមកក បានកើតមានឡើងនៅក្នុងបណ្តាប្រទេសជាច្រើននៅតំបន់សហភាពអ៊ឺរ៉ុប។ នេះបើតាមការអោយដឹងពីមន្ត្រីសុខាភិបាលថៃ។

នៅក្នុងសន្និសិទសារព័ត៌មានក្រសួងសុខាភិបាលថៃ លោក ប្រាសិត វ៉ាតាណាផា(Prasit Watanapa) ដែលជាប្រធាននៃមហាវិទ្យាល័យវេជ្ជសាស្ត្រនៅមន្ទីរពេទ្យសិរិរាច(Siriraj) បានបញ្ជាក់អោយដឹងថា កម្មវិធីចាក់វ៉ាក់ស៊ាំងនៅក្នុងប្រទេសថៃ នឹងត្រូវពន្យាពេល បន្ទាប់ពីមានករណីផ្អាកការប្រើប្រាស់វ៉ាកស៊ាំងអាស្ត្រាសេនេកានៅក្នុងប្រទេស Denmark(ដាណឺម៉ាក)  ប្រទេសNorway(ន័រវែស) និងប្រទេសIceland (អ៊ីស្លង់)។

យ៉ាងណាមិញ ប្រទេសថៃបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃ២៨កុម្ភៈ បន្ទាប់ពីទទួលវ៉ាក់ស៊ាំងSinovacដូសដំបូងរបស់ខ្លួនពីប្រទេសចិនចំនួន២០០០០០ដូស និងបាននាំចូលវ៉ាក់ស៊ាំងរបស់ក្រុមហ៊ុនអាស្ត្រាសេនេកាចំនួន១១៧០០០ដូស។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃគិតមកដល់ថ្ងៃសុក្រនេះ មានមនុស្ស៨៥នាក់ស្លាប់ដោយសារជំងឺកូវីដ១៩។ តួលេខអ្នកជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសថៃមាន២៦៥៤០នាក់។ យ៉ាងណាក៏ដោយ ក៏មានមនុស្ស២៥៩៤៦នាក់បានទទួលការព្យាបាលជាសះស្បើយពីជំងឺនេះផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ