ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើង នៃអំពើហិង្សាទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះរវាង ប៉ាលេស្ទីន និងអ៊ីស្រាអែល នាពេលបច្ចុប្បន្ននេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេស្ទីន និងអ្វីស្រាអែល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកស្រី អ៊ាត សោភា បានឲ្យដឹងថា ក្នុងពេលមិនយូរប៉ុន្មានកន្លងទៅ ត្រូវបានគ្របដណ្ដប់ដោយភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍ និងវាលពិឃាត ដែលក្នុងខណៈនោះ អ្នកដែលត្រូវចាត់ចូលជា ក្រុមជិះជាន់គេ និងក្រុមរងការជិះជាន់ ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅនៃការស្អប់ខ្ពើម ការសងសឹក និងភាពជ្រុលនិយម រហូតនាំទៅដល់ទង្វើឧក្រិដ្ឋកម្មដ៏សាហាវបំផុតប្រឆាំងនឹងមនុស្សជាតិ។

លោកស្រី បានសម្តែងនូវមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួម ទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ខែតុលា រហូតមកដល់បច្ចុប្បន្ន និងមុនពេលនេះផងដែរ ទាំង នៅក្នុងរដ្ឋប៉ាលេស្ទីន និងរដ្ឋអ៊ីស្រាអែល ។ ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និង ផុយស្រួយបំផុត ហេតុនេះ កម្ពុជាសូមលើកឡើងនូវជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហានេះ ដោយមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ។

លោកស្រី បញ្ជាក់ថា «កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់-ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះ បច្ចុប្បន្ន»។

លោកស្រី បន្ថែមថា ការស្អប់ខ្ពើម និងការសងសឹក នឹងនាំទៅរកវដ្តថ្មីមួយទៀតនៃការស្អប់ខ្ពើម និងការសងសឹក។ សង្គ្រាម មិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពយូរអង្វែង ក៏ដូចជាការរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមបាននោះទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ