ហូឡង់៖ អគ្គិភ័យបានឆាបឆេះនៅលើកប៉ាល់ដឹកទំនិញនៅឆ្នេរសមុទ្រហូឡង់ ដែលមានរថយន្តជិត ៣ ០០០ គ្រឿង ដោយបានឆក់យកជីវិតសមាជិកនាវិកម្នាក់ និងបង្កឱ្យនាវិកជាច្រើននាក់ទៀតរងរបួសផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ កក្កដា ២០២៣។

សមាជិកនាវិកជាច្រើននាក់ត្រូវបង្ខំចិត្តលោតចោលនាវា Fremantle Highway បន្ទាប់ពីភ្លើងបានឆាបឆេះអំឡុងពេលដែលកប៉ាល់កំពុងធ្វើដំណើរបោះពួយយ៉ាងលឿន នៅលើផ្លូវទឹក។

ស្ថានទូតឥណ្ឌាប្រចាំប្រទេសហូឡង់ បានឱ្យដឹងនៅក្នុងបណ្តាញសង្គមថា អគ្គិភ័យនេះបានបណ្តាលឱ្យនាវិកឥណ្ឌាម្នាក់ស្លាប់ និងសមាជិកនាវិកជាច្រើននាក់រងរបួស ដោយនេះគឺជារឿងដ៏គួរឱ្យសោកស្តាយបំផុតសម្រាប់គ្រួសារសព្វ។ ម្ចាស់កប៉ាល់ដែលជាជនជាតិជប៉ុន លោក Shoei Kisen ក៏ចេញមុខបញ្ជាក់ឱ្យដឹងដែរថា សមាជិកនាវិកសរុបទាំង ២១ នាក់នៅលើកប៉ាល់នេះ គឺជាជនជាតិឥណ្ឌាទាំងអស់។

ទីភ្នាក់ងារព័ត៌មានហូឡង់ ANP បានរាយការណ៍ ដោយស្រង់សម្តីឆ្មាំឆ្នេរសមុទ្រថា ភ្លើងឆាបឆេះអាចនឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត។ ផ្សែងនៅតែហុយចេញពីកប៉ាល់នៅជិតកោះ Ameland ភាគខាងជើងនៃប្រទេសហូឡង់។

លោក Edwin Versteeg អ្នកនាំពាក្យនាយកដ្ឋានផ្លូវទឹក និងសាធារណៈការរបស់ប្រទេសហូឡង់ បាននិយាយដែរថា ភ្លើងនៅតែមិនអាចគ្រប់គ្រងបាន ពិបាកក្នុងការពន្លត់ ទំនងដោយសារតែម៉ាស៊ីនកប៉ាល់នៅតែដំណើរការ។

តាមរយៈគេហទំព័ររបស់ខ្លួន ឆ្មាំសមុទ្រហូឡង់បានឱ្យដឹងថា មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងជាក់ច្បាស់នៅឡើយទេ ថាបង្កមកពីមូលហេតុអ្វី ប៉ុន្តែអ្នកនាំពាក្យឆ្មាំសមុទ្របានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ភ្លើងបានចាប់ផ្តើមឆាបឆេះក្បែររថយន្តអគ្គិសនី ដែលមានប្រហែល ២៥គ្រឿងក្នុងចំណោមរថយន្ត ២ ៨៥៧ គ្រឿងនៅលើកប៉ាល់នោះ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអង្គការដែនសមុទ្រអន្តរជាតិ ដែលធ្វើនិយតកម្មស្តង់ដារសុវត្ថិភាពនៅសមុទ្រ បានព្រលយថាគ្រោងនឹងវាយតម្លៃរៀបចំវិធានការថ្មីសម្រាប់កប៉ាល់ដឹកជញ្ជូនយានជំនិះអគ្គិសនីនៅឆ្នាំក្រោយ ដោយសារអត្រាអគ្គិភ័យនៅលើកប៉ាល់ដឹកទំនិញចេះតែបន្តកើនឡើង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ