អត្រាគ្មានការងារធ្វើ នៅសិង្ហបុរី កើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៣
សិង្ហបុរី៖ យោងតាមស្ថិតិរបស់ក្រសួងធនធានមនុស្សសិង្ហបុរី (MOM) បង្ហាញថា អត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេសសិង្ហបុរី បានកើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារទស្សនវិស័យសេដ្ឋកិច្ចចុះខ្សោយ បានទាញទម្លាក់វិស័យដូចជាពាណិជ្ជកម្មលក់ដុំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី ៣១ តុលា ២០២៣។
អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសសិង្ហបុរី កើនឡើងចំនួន ៩០០នាក់ បន្ថែមពីលើចំនួន ៣,២០០នាក់ នៅក្នុងត្រីមាសទី២ សរុបកើនដល់ ៤,១០០នាក់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ជាមួយនឹងការកើនឡើងភាគច្រើន ពីវិស័យពាណិជ្ជកម្មលក់ដុំ។
ពាណិជ្ជកម្មលក់ដុំ គឺជាវិស័យធំទីពីរនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដែលបង្កើតបាន ១៨.៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ និងបង្កើតឱកាសការងារដល់មនុស្សច្រើនជាង ៣០០,០០០នាក់ក្នុងខែធ្នូឆ្នាំមុន។
ក្រសួងធនធានមនុស្សសិង្ហបុរី (MOM) ក៏ បានបញ្ជាក់ដែរថា ការកើនឡើងអត្រាអ្នកគ្មានការងារធ្វើបានឆ្លុះបញ្ចាំងពីទស្សនវិស័យខាងក្រៅទន់ខ្សោយ ដែលវិស័យពាណិជ្ជកម្មលក់ដុំប្រឈមមុខ។
គួរបញ្ជាក់ថា អ្នកគ្មានការងារធ្វើមានចំនួន ១១,១២០នាក់ក្នុងឆ្នាំ២០២៣ គិតមកទល់ពេលនេះកើនឡើងស្ទើរទ្វេដង បើធៀបនឹងចំនួន ៦,៤៤០នាក់ ដែលបានកត់ត្រាពេញមួយឆ្នាំក្នុងឆ្នាំ២០២២៕