ត្រីមាសទី៣ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគ សរុបចំនួនប្រមាណ ៥ ២៦០ ៥៩៣ ០០០ រៀល និង ១ ៣៣៤ ៩១០ ដុល្លារ
ភ្នំពេញ ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៨៩៨ ៤១០ ដុល្លារ និង ៥ ២៦០ ៥៩៣ ០០០ រៀល និងថវិកាចំនួន ៤៣៦ ៥០០ ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។
ទន្ទឹមពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨ ៨៥៦ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២២១ ១៥៤ ១០០ រៀល និង ៥៥ ៥៥៧ ដុល្លារ ពីសប្បុរសជន ៩ ៤៣៥ រូប ដែលរួមមានសមាជិកគាំទ្រ ៧ ៩៩៥ រូប និងសប្បុរសជនផ្សេងៗ ១ ៤៤០ រូប។
ជំនួសមុខឲ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា៕EB