អាមេរិក៖ ក្រុមហ៊ុន អេបផល(Apple) បានប្រកាសថា ក្រុមហ៊ុននេះ បានក្លាយជាគោលដៅនៃការ ប្តឹងទាមទារសំណងរហូតទៅដល់ ៧៨៥ លានផោន (មួយពាន់លានដុល្លារ) ពីសំណាក់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីប្រមាណ ១ ៥០០ នៅចក្រភពអង់គ្លេសជុំវិញការគិតថ្លៃសេវា App Store របស់ខ្លួន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo នៅថ្ងៃទី២៦ កក្កដា ២០២៣។

សេវាកម្មរបស់ក្រុមហ៊ុន Apple ដែលរាប់បញ្ចូលទាំង App Store មានប្រាក់ចំណូលកើនឡើងក្នុងល្បឿនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសម្រាប់ពេលនេះត្រឹមមួយត្រីមាស ក្រុមហ៊ុន Apple អាចរកចំណូលបាន ២០ពាន់លានដុល្លារពីកម្មវិធីទាំងនោះ។

ក្រុមហ៊ុន Apple ខ្លួនឯងធ្លាប់បានលើកឡើងថា ៨៥ភាគរយនៃអ្នកអភិវឌ្ឍន៍កម្មវិធីនៅលើ App Store មិនតម្រូវឱ្យបង់កម្រៃជើងសារណាមួយឡើយ ដោយគោលដៅនេះ គឺដើម្បីជួយអ្នកអភិវឌ្ឍន៍កម្មវិធីនៅអឺរ៉ុបក្នុងការចូលទៅកាន់ទីផ្សារ និងពង្រីកខ្លួនឱ្យដល់ដៃអតិថិជនដែលមាន ១៧៥ ប្រទេសជុំវិញពិភពលោកតាមរយៈ App Store។

ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ កម្រៃជើងសារដែល Apple បានដាក់ក្នុងរង្វង់ ១៥ភាគរយ ទៅ ៣០ភាគរយ ទៅលើអ្នកអភិវឌ្ឍន៍កម្មវិធីមួយចំនួនសម្រាប់ការដាក់កម្មវិធីរបស់ពួកគេលើ Apple Store កំពុងរងការរិះគន់ដោយអ្នកអភិវឌ្ឍន៍កម្មវិធីផ្ទាល់ ហើយការណ៍នោះក៏ត្រូវបានគេចាត់ទុកថាជាការរំលោភបំពានទំនុកចិត្ត នៅក្នុងប្រទេសមួយចំនួនដែរ។

បណ្តឹងកើតមានឡើងពីសំណាក់ចក្រភពអង់គ្លេសនៅសាលាឧទ្ធរណ៍ដែលតំណាងឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីចំនួន ១ ៥៦៦នាក់។ បណ្តឹងនេះត្រូវបានប្តឹងដោយលោក Sean Ennis ជាអតីតសេដ្ឋវិទូនៅ OECD និងជាសាស្ត្រាចារ្យនៃមជ្ឈមណ្ឌលគោលនយោបាយប្រកួតប្រជែងនៅសាកលវិទ្យាល័យ East Anglia។

លោក Ennis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ការគិតថ្លៃរបស់ Apple ទៅលើអ្នកបង្កើតកម្មវិធីគឺហួសហេតុ ហើយអាចធ្វើទៅបានដោយសារតែការផ្តាច់មុខរបស់ខ្លួនលើការចែកចាយកម្មវិធីទៅកាន់ iPhone និង iPads»។

លោកបានបន្តថា ការចោទប្រកាន់នេះគឺអយុត្តិធម៌ និងបំពានតម្លៃ ទៅលើក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ ហើយកត្តានេះក៏ធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតកម្មវិធី និងអ្នកទិញកម្មវិធីនោះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ