ក្រុមប្រឹក្សាសន្តិសុខយូអិនយល់ព្រមដកកងរក្សាសន្តិភាពចេញពីកុងហ្គោ
អន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆ័ន្ទលើដំណោះស្រាយ ដែលដាក់ចេញដោយប្រទេសបារាំង ស្តីពីការដកកងរក្សាសន្តិភាពចេញពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២០ ធ្នូ ២០២៣។
ថ្វីបើស្ថានការណ៍ក្នុងស្រុកមានការប្រែប្រួលក៏ដោយ ក៏រដ្ឋាភិបាលកុងហ្គោ ក្នុងរយៈពេលជាច្រើនខែនេះ បាននឹងកំពុងអំពាវនាវឱ្យមានការពន្លឿន ការដកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចេញពីប្រទេសខ្លួន គិតពីចុងឆ្នាំ ២០២៣ ជាជាងពន្យារពេលរហូតដល់ចុងឆ្នាំ ២០២៤។
ហើយនៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ព្រម ដើម្បីទទួលយកការទាមទារពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងចាប់ផ្តើមដកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តិចម្តងៗ ដែលនឹងចាប់ផ្តើមនៅចុងខែធ្នូនេះ។
សូមបញ្ជាក់ថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានវត្តមាននៅក្នុងប្រទេសកុងហ្គោ ចាប់តាំងពីឆ្នាំ ១៩៩៩។ ហើយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខខាងលើនេះ ធ្វើឡើងស្របពេលមានការព្រួយបារម្ភ អំពីការកើនឡើងហានិភ័យ នៃការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ រវាងប្រទេសកុងហ្គោ និង រវ៉ាន់ដា។ ក្រុមប្រឹក្សាសន្តិសុខក៏ចេញសេចក្តីព្រាងដំណោះស្រាយមួយ អំពាវនាវឱ្យមាន “ភាពស្ងប់ស្ងាត់ និងការសន្ទនា” រវាងប្រទេសជិតខាងទាំងពីរ៕RT