ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រមុខរបបយោធាមីយ៉ាន់ម៉ាបានអំពាវនាវដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលកំពុងប្រយុទ្ធនឹងយោធានៅទូទាំងប្រទេស ឱ្យស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់អំពើហិង្សា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ធ្នូ ២០២៣។

ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង ព្រមានថា ប្រសិនបើអង្គការប្រដាប់អាវុធនៅតែប្រព្រឹត្តអំពើឆោតល្ងង់ នោះប្រជាជនក្នុងតំបន់ពាក់ព័ន្ធនឹងទទួលរងផលប៉ះពាល់ដ៏អាក្រក់។ ដូច្នេះត្រូវគិតគូរពីជីវភាពប្រជាពលរដ្ឋ ហើយអង្គការទាំងនោះ ត្រូវដោះស្រាយបញ្ហារបស់ពួកគេ តាមលក្ខណៈនយោបាយ។

នៅមីយ៉ាន់ម៉ា មានក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចជាច្រើនក្រុម ដែលភាគច្រើនកាន់កាប់ទឹកដីនៅក្នុងតំបន់ព្រំដែនប្រទេស និងបានប្រយុទ្ធជាមួយយោធាចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ ១៩៤៨។ នៅចុងខែតុលា ក្រុមប្រដាប់អាវុធចំនួន ៣ បានបើកការវាយលុករួមគ្នាមួយនៅទូទាំងរដ្ឋសានភាគខាងជើង ដោយដណ្តើមយកទីក្រុងនានា និងដណ្តើមយកមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅតាមព្រំដែនប្រទេសចិន។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ជនស៊ីវិលជាង ២៥០នាក់ រួមទាំងកុមារទំនងជាបានស្លាប់ ចាប់តាំងពីចាប់ផ្តើមការវាយលុកនៅក្នុងខែតុលាឆ្នាំនេះ។ បើតាមអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៥០០,០០០នាក់បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងនៅទូទាំងប្រទេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ