តូក្យូ៖ លោក គីស៊ីដា ថ្លែងថា ការបាញ់បង្ហោះមីស៊ីលចុងក្រោយនេះរបស់កូរ៉េខាងជើង មិនត្រឹមតែរំលោភយ៉ាងច្បាស់ លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ តែថែមទាំងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

មីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់នៅថ្ងៃចន្ទនេះ គឺជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលអាចមានសមត្ថភាពវាយប្រហារគ្រប់ទីកន្លែងនៅទូទាំងសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយយ៉ាងដូច្នេះថា ការបាញ់មីស៊ីលចុងក្រោយនេះ មិនត្រឹមតែបំពានយ៉ាងច្បាស់ លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ តែថែមទាំងជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយយើងថ្កោលទោសយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង។ 

អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនហ្គោ មីយ៉ាកេ បានបញ្ជាក់ថា បើគណនាលើគន្លងបាញ់ និងទម្ងន់ក្បាលគ្រាប់ មីស៊ីល ICBM ដែលកូរ៉េខាងជើងបាញ់សាកល្បងនេះ អាចហោះបានចម្ងាយលើស ១៥,០០០គីឡូម៉ែត្រ ពោលគឺអាចមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកទាំងមូល។

លោកអនុរដ្ឋមន្រ្តីបន្ថែមថា មីស៊ីល ICBM ខាងលើ អាចហោះបានក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ និងរយៈកម្ពស់លើស ៦,០០០គីឡូម៉ែត្រ ព្រមទាំងហោះបានរយៈពេល ៧៣នាទី។ នៅម៉ោងប្រមាណ ៩៖៣៧នាទីព្រឹក (ម៉ោងក្នុងតំបន់) ទើបមីស៊ីលនេះធ្លាក់ក្នុងសមុទ្រជប៉ុន ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីភាគពាយព្យនៃកោះអូគូស៊ីរី នៃកោះហុកកៃដូ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ