សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី១ ដើម្បីបោះឆ្នោតផ្ដល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិបាលអាណត្តិថ្មី
1 ឆ្នាំ មុន
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាតិ លើកទី១ បន្ដដើម្បីបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។
នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ រដ្ឋសភា ក៏បានអនុម័តគាំទ្រដល់ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, លោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕EB