បាងកក៖ ក្រុមហ៊ុន Thai Airways កំពុងចរចាជាមួយក្រុមហ៊ុន Boeing និង Airbus លើការបញ្ជាទិញយន្តហោះជាង ៩០គ្រឿង ខណៈដែលខ្លួនកំពុងបន្តការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងត្រៀមលក្ខណៈសម្រាប់ទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី១១ កញ្ញា ២០២៣។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបង្ហាញនូវតម្រូវការយន្តហោះថ្មីចំនួន ៣០គ្រឿង ឬច្រើនជាងនេះ ប៉ុន្តែសំណើចុងក្រោយបំផុតរបស់ខ្លួន ត្រូវការយន្តហោះថ្មីរហូតដល់ ៩៥គ្រឿង។

យន្តហោះទាំង ៩៥គ្រឿងខាងលើ ក្នុងនោះមានយន្តហោះធុនតូចចំនួន ១៥គ្រឿង និងយន្តហោះធុនធំរហូតដល់ ៨០គ្រឿង ដែលនេះជាការបញ្ជាទិញយន្តហោះធំបំផុតក្នុងប្រទេសអាស៊ីអាគ្នេយ៍នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យ៉ាងណាមិញ ទាំងក្រុមហ៊ុន Boeing និង Airbus បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការបញ្ជាទិញនេះ។

សូមរម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកើនឡើងប្រាក់ចំណេញសុទ្ធដល់ចំនួន ២.២ពាន់លានបាត ឬប្រហែល ៦១.៨លានដុល្លារ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ ងើបឡើងពីការខាតបង់ចំនួន ៣ពាន់លានបាតកាលពីឆ្នាំមុន ដោយបានខាតបង់ស្ទើរតែរៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ