វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថាលោកមានគោលបំណងស្ដារទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ១៥ វិច្ឆិកា ២០២៣។

ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតរវាងមេដឹកនាំអាមេរិក និងចិនក្នុងរយៈពេលមួយឆ្នាំ មកនេះដែលក្រុមមន្ត្រីអាមេរិកមើលឃើញថាជាឱកាសមួយដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងមហាអំណាចទាំង២។

លោក ស៊ី ជិនពីង នឹងត្រូវជួបលោក ចូ បៃដិន នៅឯកិច្ចប្រជុំមួយដែលមិនទាន់ត្រូវបានកំណត់ទីតាំងនៅឡើយទេ ក្នុងទីក្រុង San Francisco នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយក្រោយមកទៀត លោកនឹងបន្តចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC។

សូមជម្រាបថានេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ស៊ី ជិនពីង ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៧មក។ លោក ស៊ី ជិនពីង និងលោក បៃដិន បានជួបមុខគ្នាដោយផ្ទាល់លើកចុងក្រោយបំផុត នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 រៀបចំឡើងនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ