ត្រឹមរយៈពេល២០ឆ្នាំចុងក្រោយ! ចិនទម្លាក់សហរដ្ឋអាមេរិកក្លាយជាប្រទេសមានក្រុមហ៊ុនច្រើនជាងគេក្នុងបញ្ជី Fortune Global 500 ដ៏ល្បីរបស់ពិភពលោក
អន្តរជាតិ៖ ចិនបានទម្លាក់អង់គ្លេស និងសហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានក្រុមហ៊ុនច្រើនជាងគេ ដែលជាប់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរកចំណូលបានខ្ពស់ៗបំផុតលើពិភពលោកទាំង ៥០០ ហៅថា «Fortune Global 500» របស់ទស្សនាវដ្តី Fortune ។ នេះបើយោងតាមតាមរបាយការណ៍របស់ Atlantis Report ដែលជាសារព័ត៌មានហិរញ្ញវត្ថុល្អបំផុតនៅលើបណ្តាញសង្គម Youtube៕
យោងតាមលទ្ធផលនៃបញ្ជី Fortune Global 500 ប្រចាំឆ្នាំនេះ សហរដ្ឋអាមេរិកមិនមានក្រុមហ៊ុនធំជាងគេនៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune នោះទេ ។ ប្រទេសចិនស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ នៅលើពិភពលោក ដោយ ១២៩ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ឥឡូវនេះជាកម្មសិទ្ធិរបស់ជនជាតិចិន ខណៈដែលសហរដ្ឋអាមេរិកមានតែក្រុមហ៊ុន ១២១ ប៉ុណ្ណោះ នៅក្នុងបញ្ជី Fortune Global 500 ។
កាលពី ២០ ឆ្នាំមុន ប្រទេសចិនមានតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងបញ្ជី Fortune Global 500 នេះបើវិលត្រឡប់ទៅកាលពីឆ្នាំ ១៩៩៩ ។ នេះគឺជាបញ្ជីឈ្មោះធនាគារធំជាងគេទាំង ១០ នៅលើពិភពលោក៖ លេខ១ គឺធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) ។ លេខ២ គឺសាជីវកម្មធនាគារសំណង់ចិន ។ លេខ៣ ក៏ជាធនាគារចិនដែរ គឺធនាគារកសិកម្មចិន ។ លេខ៤ ក៏ជារបស់ជនជាតិចិនផងដែរ គឺ Bank of China ltd ។ លេខ៥ គឺជាធនាគារអង់គ្លេស HSBC Holdings ។ ចំនែកឯលេខ៦ ទើបជាលេខរៀងដែលធនាគារអាមេរិកមួយបានបង្ហាញនៅលើបញ្ជី គឺ JPMorgan Chase ខណៈដែលកាលពី ២០ ឆ្នាំមុន ធនាគារកំពូលទាំង ៨ នៅក្នុងបញ្ជីនេះ ធ្លាប់ជាធនាគារអាមេរិកទាំងអស់ ។ លេខ៧ យើងរកឃើញធនាគារបារាំង គឺ BNP Paribas ។ លេខ៨ គឺ Mitsubishi ជារបស់ជនជាតិជប៉ុន ។លេខ៩ ជាធនាគារអាមេរិក គឺ “Bank of America” ហើយចុងក្រោយនៅលេខ១០ ជាធនាគារបារាំង គឺ “Credit Agricole” ។
គួរបញ្ជាក់ថា សព្វថ្ងៃ សហរដ្ឋអាមេរិកមានធនាគារតែពីរប៉ុណ្ណោះ ក្នុងចំណោមធនាគារធំជាងគេទាំង ១០ នៅលើពិភពលោក ដែលបញ្ជីនោះភាគច្រើនជារបស់ជនជាតិចិន ។