កូរ៉េខាងត្បូង៖ មានហេតុការណ៍នៃឧបទ្ទវភ្លើងឆាបឆេះនៅក្នុងផ្លូវរូងក្រោមដីនៃផ្លូវល្បឿនលឿននៅទីក្រុង Gwacheon នៃប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យមានរថយន្តជាច្រើនបានជាប់គាំងនៅផ្នែកខាងក្នុង ហើយបានសម្លាប់មនុស្សចំនួន៥នាក់ក្នុងហេតុការណ៍ដ៏អាក្រាក់នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Thairath នៅថ្ងៃទី ៣០ ធ្នូ ២០២២។
សេចក្តីរាយការណ៍ថា មានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងផ្លូវរូងក្រោមដីនៃផ្លូវល្បឿនលឿនមួយក្នុងទីក្រុង Gwacheon របស់កូរ៉េខាងត្បូងនៅរសៀលថ្ងៃនេះ។
ជាមួយនឹងឧបទ្ទវហេតុនេះផងដែរត្រូវបានគេដឹងថា ភ្លើងបានចាប់ផ្តើមឆេះក្រោយពេលរថយន្តក្រុងបានបុកជាមួយរថយន្តដឹកដី ហើយភ្លើងក៏បានឆាបឆេះរាលដាល រហូតរថយន្តជាច្រើនគ្រឿងត្រូវបានជាប់គាំងនៅខាងក្នុងផ្លូវក្រោមដី។ ក្នុងនោះគេបានបន្ថែមឱ្យដឹងថា ក្នុងហេតុការណ៍នេះមាន ផ្សែងខ្មៅហុយឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងមាត់រូងយ៉ាងក្រាស់ និងគួរឱ្យតក់ស្លុត។
ទន្ទឹមនឹងនោះកងពន្លត់អគ្គីភ័យរបស់ប្រទេសកូរ៉េខាងត្បូងក៏បានធ្វើការចល័តរថយន្តពន្លត់អគ្គីភ័យចំនួន ៥០ គ្រឿង និងអ្នកជួយពន្លត់ ១៤០ នាក់ ព្រមទាំងបញ្ជូនឧទ្ធម្ភាគចក្រដើម្បីប្រើប្រាស់ក្នុងប្រតិបត្តការ និងអាចគ្រប់គ្រងភ្លើងបានយ៉ាងឆាប់រហ័ស។
យ៉ាងហោចណាស់មានមនុស្សស្លាប់យ៉ាងតិច៥នាក់ និងមានអ្នករបួសយ៉ាងតិច ២៩នាក់ និងអ្នករបួសខ្លះមានសភាពធ្ងន់ធ្ងរ។ យ៉ាងណាមិញសមត្ថកិច្ចក្នុងតំបន់កំពុងតែធ្វើស៊ើបអង្កេតជាបន្ទាន់ នៅកន្លែងកើតហេតុដើម្បីសន្និដ្ឋាន ពីមូលហេតុ និងកំណត់ការខូចខាត៕RT