ប៊ែរឡាំង៖ រហូតមកដល់ពេលនេះ បើទោះជា ក្រុងកៀវកំពុងតែជាប់ដៃ ធ្វើសង្គ្រាម ទប់ទល់ប្រឆាំងនឹងកម្លាំងទាហានរបស់ក្រុងមូស្គូ និង រងការវាយប្រហារ ពីមីស៊ីលរបស់រុស្ស៊ី ឥតឈប់ឈយ៉ាងណាក្ដី ក៏ក្រុមហ៊ុនផលិតគ្រឿងសឹករបស់អាល្លឺម៉ង់ ចង់សាសង់រោងចក្ររថក្រោះប្រយុទ្ធធុនធ្ងន់ នៅក្នុងប្រទេសអ៊ុយក្រែន ដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Defense News នៅថ្ងៃទី២២ មីនា ២០២៣។
ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរ៉េនមេថល (Rheinmetall) របស់អាល្លឺម៉ង់ ចង់បង្កើតរោងចក្រផលិតរថក្រោះ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែបើរោងចក្រនោះ ចាប់ផ្ដើមដំណើរការ នឹងមានសមត្ថភាពផលិតរថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Panther KF51 ចំនួន៤០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំៗ។
ចំណែក ក្រុមអ្នកជំនាញខាងសង្គ្រាមផ្លូវគោកមួយចំនួន អះអាង ថា ផែនការទាំងនេះ ពិតជាល្អបំផុត ព្រោះបានចង្អុលបង្ហាញ អំពីបញ្ហានានា ចាប់ពីសុវត្ថិភាពទីតាំង រហូតដល់ចំណុចហានិភ័យ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
លោក អាមីន ផាបផឺរហ្គ័រ (Armin Papperger) នាយកប្រតិបត្ដិក្រុមហ៊ុន Rheinmetall បានផ្សព្វផ្សាយប្រធានបទនេះ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ ជាច្រើនដងរួចមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៣រហូតមក។
លោកនាយកប្រតិបត្ដិ បានអះអាង ថា ក្រុមហ៊ុនកំពុងតែចរចា ជាមួយនឹងអ៊ុយក្រែន អំពីលទ្ធភាពបោះទុនវិនិយោគ មានទំហំទឹកប្រាក់ ២០០លានអឺរ៉ូ (លុយតំបន់អឺរ៉ុប) ឬ ស្មើនឹង ២១៥លានដុល្លារអាមេរិក ទៅក្នុងរោងចក្រផលិតរថក្រោះថ្មីមួយ ដែលអាចបំពាក់ដល់កងទ័ពរបស់អ៊ុយក្រែន ជាមួយនឹងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់។
ជាមួយគ្នានេះ អ្នកនាំពាក្យ ក្រុមហ៊ុន Rheinmetall ក៏បានបញ្ជាក់ អំពីផែនការសាងសង់រោងចក្រផលិតរថក្រោះនេះមែន ប៉ុន្ដែគាត់បានបដិសេធបង្ហាញព័ត៌មានលម្អិត ដោយគ្រាន់តែចង្អុលទៅលើបទសម្ភាសន៍របស់នាយកប្រតិបត្ដិ លោក Papperger លើប្រធានបទនេះ ជាមួយនឹងកាសែត Rheinische Post (រេននីសេ ប៉ុស្ដិ៍)៕RT