អូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីនឹងហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅក្នុងឧបករណ៍ទាំងអស់របស់មន្ត្រីរដ្ឋាភិបាល ដោយសារបារម្ភពីសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន ។ ការហាមឃាត់នេះធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសចុងក្រោយគេបង្អស់ក្នុងសម្ព័ន្ធមិត្តអាមេរិក ដែលបានហាមឃាត់ការប្រើកម្មវិធីពេញនិយមមួយនេះ ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី ០៥ មេសា ២០២៣។
ការហាមឃាត់ប្រើប្រាស់ TikTok បង្ហាញឱ្យឃើញពីការបារម្ភរបស់ប្រទេសនានាថា ចិននឹងប្រើប្រាស់កម្មវិធី TikTok របស់ក្រុមហ៊ុន ByteDance ដែលមានការិយាល័យនៅទីក្រុងប៉េកាំង ដើម្បីលួចប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ។ លើសពីនេះ គេបារម្ភថា កម្មវិធី TikTok នឹងស្វែងរកផលប្រយោជន៍នយោបាយ និងបំផ្លាញប្រយោជន៍សន្តិសុខជាតិរបស់ប្រទេសលោកខាងលិច ។
ទោះយ៉ាងណា ការហាមឃាត់ការប្រើ TikTok របស់ប្រទេសអូស្ត្រាលី គឺអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងចិន ឱ្យត្រឡប់មកតានតឹងម្តងទៀត បន្ទាប់ពីទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនេះទើបតែបានធូរស្រាល ចាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០២២ ។
គួរបញ្ជាក់ផងដែរថា ប្រទេសកាណាដា សហរដ្ឋអាមេរិក អង់គ្លេស និងនូវែលសេឡង់ ដែលជាសមាជិកក្រុម Five Eyes ដូចគ្នានឹងអូស្ត្រាលីដែរ បានប្រកាសហាមប្រើប្រាស់ TikTok ក្នុងឧបករណ៍ទំនាក់ទំនងទាំងអស់របស់រដ្ឋាភិបាល ខណៈបារាំង បែលហ្សិក និងគណៈកម្មការអឺរ៉ុបបានប្រកាសហាមប្រើកម្មវិធីនេះដូចគ្នា៕