អន្តរជាតិ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អូឡេក សាយរ៉ូម៉ូឡូតូវ ថា ប្រទេសលោកខាងលិចបាននឹងកំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីអនុវត្តការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាសាកល្បងបច្ចេកវិទ្យាសង្គ្រាមតាមអ៊ីនធឺណិតថ្មី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២៩ ធ្នូ ២០២២។
លោក សាយរ៉ូម៉ូឡូតូវ បានគូសបញ្ជាក់ថា នៅក្នុងបរិបទនៃការបាត់បង់អធិបតេយ្យភាពឌីជីថលពិតប្រាកដរបស់ទីក្រុងកៀវ កងទ័ពអ៊ីនធឺណិតរបស់អ៊ុយក្រែនពិតជាឧបករណ៍របស់ណាតូ។
យ៉ាងណាមិញ លោកថា រុស្ស៊ីកំពុងប្រឈមមុខនឹងកម្រិតដែលមិនធ្លាប់មានពីមុនមក នៃការឈ្លានពានតាមអ៊ីនធឺណិត។ តួយ៉ាង នៅឆ្នាំ២០២២តែមួយគត់ ចំនួននៃការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី បានកើនឡើង ៨០ភាគរយ។ ភាគច្រើននៃការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី ត្រូវបានចាប់ផ្តើមពីទឹកដីនៃសហភាពអឺរ៉ុប រដ្ឋសមាជិកណាតូ ក៏ដូចជាអ៊ុយក្រែន៕