ប៉េកាំង៖ ពលរដ្ឋចិនបានទប់ទល់នឹងទឹកជំនន់នៅភាគខាងជើងប្រទេស ដោយសារតែព្យុះទីហ្វុង ដុកស៊ូរី ដែលចុះខ្សោយកម្លាំង ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ កក្កដា ២០២៣។

មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានរក្សាការព្រមានកម្រិតពណ៌ក្រហមរបស់ខ្លួន ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រទេសចិន អំពីព្យុះភ្លៀងកាលពីថ្ងៃអាទិត្យម្សិលមិញ។

ព្យុះទីហ្វុងដុកស៊ូរី (Doksuri) ដែលជាព្យុះដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសចិន មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយជំរុញឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងខេត្តហ៊្វូជានភាគខាងត្បូង ហើយបានបង្កការបំផ្លិចបំផ្លាញតំបន់ឆ្នេរផងដែរ។

ទោះបីជាអាជ្ញាធរបានបន្ទាបកម្រិតព្យុះនេះពីព្យុះទីហ្វុងកាលពីថ្ងៃអាទិត្យក៏ដោយ ក៏ការិយាល័យឧតុនិយមចិនបានរក្សាការជូនដំណឹងកម្រិតពណ៌ក្រហម ចំពោះភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តផ្សេងៗ ជាពិសេសនៅតំបន់ភាគខាងជើងនៃប្រទេសចិន រួមមានហ៊ីប៉ី, ប៉េកាំង, សានស៊ី និង ហឺណាន។

យ៉ាងណាមិញ ព្យុះទីហ្វុង ដុកស៊ូរី បានបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ ១.៤៦លាននាក់នៅក្នុងខេត្តហ៊្វូជាន ក្នុងនោះមនុស្សជាង ៣៦៣.០០០នាក់បានបង្ខំចិត្តផ្លាស់ទីលំនៅថ្មី និងបានបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ជាង ៣.១ពាន់លានយ័ន ឬប្រមាណ៤៣០លានដុល្លារ គិតត្រឹមយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ។

ទន្ទឹមគ្នា ក្រុមអ្នកព្យាករណ៍ក៏បានព្រមានពីការខិតជិតមកដល់នៃព្យុះត្រូពិច ឈ្មោះ ខានូន ផងដែរ ដែលត្រូវបានរំពឹងថា នឹងប្រមូលផ្តុំកម្លាំងយ៉ាងឆាប់រហ័សរហូតក្លាយជាព្យុះទីហ្វុង រួចហើយវាយប្រហារមកលើតំបន់ឆ្នេររបស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ