ហ៊្សេរុយសាឡឹម៖ ប្រទេសក្រិក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអំពាវនាវសាជាថ្មីទៀត នូវតម្រូវការក្នុងការការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu News នៅថ្ងៃទី ២៤ តុលា ២០២៣។

នៅក្នុងជំនួបជាមួយសមភាគីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ក្នុងទីក្រុងហ៊្សេរុយសាឡឹម នាយករដ្ឋមន្រ្តីក្រិក លោក ឃីរីកូស មីតសូតាគីស បានរំលឹកឡើងវិញពីតម្រូវការក្នុងការការពារជនស៊ីវិល, ដោះលែងជនជាតិអ៊ីស្រាអែលដែលចាប់ពង្រត់ដោយក្រុមហាម៉ាស និងជៀសវាងវិបត្តិមនុស្សធម៌ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីក្រិក។

លោក ឃីរីកូស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំនៅទីនេះ មិនត្រឹមតែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តពិត… អ្វីដែលបានកើតឡើង គឺពិតជាគួរឱ្យរន្ធត់ណាស់… ក្រិកបានការពារ និងគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល តាំងពីពេលដំបូងមក ស្របតាមច្បាប់អន្តរជាតិ។ ចំណែកលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ណឺតាន់យ៉ាហ៊ូ បានកោតសរសើរចំពោះសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនក្រិកចំពោះអ៊ីស្រាអែល នៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុតនេះ។

គួរបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ ៥,០៨៧នាក់ រួមទាំងកុមារ ២,០៥៥នាក់ និងស្ត្រី ១,១១៩នាក់ និង ១៥,២៧៣នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា។ ដោយឡែក មនុស្សជាង ១,៤០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងទឹកដីអ៊ីស្រាអែលផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ