តូក្យូ៖ ជប៉ុន អង់គ្លេស និងអ៊ីតាលី មានផែនការជ្រើសរើសចក្រភពអង់គ្លេស ធ្វើជាទីស្នាក់ការកណ្តាលសម្រាប់កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ កញ្ញា ២០២៣។
ប្រទេសទាំងបី (ជប៉ុន អង់គ្លេស និងអ៊ីតាលី) បានបង្កើតកម្មវិធីមួយ មានឈ្មោះថា Global Combat Air Program (GCAP) នៅក្នុងខែធ្នូ បន្ទាប់ពី អង់គ្លេស និងជប៉ុនបានយល់ព្រមសហការគ្នាលើកិច្ចខិតខំប្រឹងប្រែងផលិតយន្តហោះចម្បាំងរបស់ពួកគេ ដែលមានគោលបំណងដាក់ពង្រាយយន្តហោះទំនើបនៅពាក់កណ្តាលទសវត្សរ៍ក្រោយ។
ប្រភពចំនួនបីដែលដឹងពីការពិភាក្សាផ្ទៃក្នុងបាននិយាយថា ជប៉ុន-អង់គ្លេសនឹងទទួលរ៉ាប់រងលើការរចនា និងការផលិតរបស់គម្រោងនេះ ជាមួយបទពិសោធន៍កាន់តែស៊ីជម្រៅ និងថ្មីៗរបស់ទីក្រុងឡុងដ៍ ក្នុងការអភិវឌ្ឍន៍យន្តហោះចម្បាំង។ ប្រភពមួយក្នុងចំណោមនោះក៏បាននិយាយដែរថា ទីស្នាក់ការកណ្តាលអាចនឹងស្ថិតនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែដើម្បីតុល្យភាព អ្នកជំនាញមកពីជប៉ុនអាចដឹកនាំវាបាន។
ទីភ្នាក់ងារលទ្ធកម្មការពារជាតិជប៉ុនបាននិយាយតាមសារអ៊ីមែលថា ការពិភាក្សាអំពីទីស្នាក់ការកណ្តាលកំពុងបន្ត ហើយយើងមិនអាចធ្វើអត្ថាធិប្បាយអំពីទីតាំងបានទេ និងថា ក្របខ័ណ្ឌអភិវឌ្ឍន៍សម្រាប់យន្តហោះចម្បាំង នឹងត្រូវបានបង្កើតឡើងក្នុងឆ្នាំសារពើពន្ធបន្ទាប់។
រីឯអ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា មិនមានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងទីតាំងនោះទេ ហើយយើងក៏នឹងមិនធ្វើអត្ថាធិប្បាយលើការរំពឹងទុកនោះដែរ។ ចំណែកមន្ត្រីក្រសួងការពារជាតិអ៊ីតាលីក៏មិនធ្វើការអត្ថាធិប្បាយផងដែរ៕